កាលបើ​បាន​ជា​ស្តេច​ហើយ​ ​តើ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​បាន​ជា​អ្នក​មិន​បែកបាក់​បរិស័ទ​ ​ឯ​បរិស័ទ​របស់​ស្តេច​ ​ដែល​មិន​បែកបាក់​គ្នា​នោះ​ ​គឺ​ ​ពួក​ព្រាហ្មណ៍​ ​គហបតី​ ​អ្នក​និគម​ ​អ្នកជនបទ​ ​ពួក​ស្មៀន​ ​ពួក​មហាមាត្រ​ ​សេនា​មាន​អង្គ៤​ ​អ្នករក្សា​ទ្វារ​ ​អាមាត្យ​ ​បរិស័ទ​ ​ស្តេច​ចំណុះ​ ​អ្នកមាន​ភោគ​សម្បត្តិ​ ​និង​ព្រះរាជ​កុមារ​ ​កាលបើ​នៅជា​ស្តេច​ ​នឹង​បាន​នូវ​របស់​នេះឯង​។​បេ​។​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​អ្វី​ ​គឺ​នឹង​មាន​បរិស័ទ​មិន​បែកបាក់​គ្នា​ ​បរិស័ទ​របស់​ព្រះ​តថាគត​ ​ដែល​មិន​បែកបាក់​គ្នា​នោះ​ ​គឺ​ពួក​ភិក្ខុ​ ​ភិក្ខុនី​ ​ឧបាសក​ ​ឧបាសិកា​ ​ទេវតា​ ​មនុស្ស​ ​អសុរ​ ​នាគ​ ​គន្ធព្វ​ ​កាលបើ​ព្រះ​តថាគត​ ​បាន​ត្រាស់​ជា​ព្រះពុទ្ធ​ ​នឹង​បាន​របស់​នេះឯង​។​ ​ព្រះមានព្រះភាគ​ ​បាន​សំដែង​សេចក្តី​នេះ​រួចហើយ​។​ ​ទើប​ទ្រង់​ត្រាស់​នូវ​គាថា​ព័ន្ធ​នេះ​ ​ក្នុង​លក្ខណៈ​នោះ​ថា​
​[​៣៦​]​ ​ព្រះ​តថាគត​នោះ​ ​មិនបាន​ពោល​នូវ​ពាក្យ​មិន​ពិត​ ​ពាក្យ​ដែល​បង្កហេតុ​ឲ្យ​បែកបាក់​ ​ចាក​ការព្រមព្រៀង​ ​ពាក្យ​ដែល​ធ្វើ​សេចក្តី​បែកបាក់​គ្នា​ ​និង​ទាស់ទែងគ្នា​ ​ឲ្យ​ចំរើន​ ​ពាក្យ​ដែល​ធ្វើ​ជំលោះ​ ​និង​អំពើ​មិន​គួរ​ ​ឲ្យ​ចំរើន​ ​និង​ពាក្យ​ដែល​នាំឲ្យ​ជន​ដែល​មានបំណង​ព្រមព្រៀង​ ​ឲ្យ​បែកបាក់​គ្នា​។​ ​
ថយ | ទំព័រទី ៥៤ | បន្ទាប់