ពោលពាក្យដែលគួរឲ្យអ្នកផង ដំកល់ទុកក្នុងហឫទ័យ ជាពាក្យប្រកបដោយគ្រឿងអាង មានទីបំផុត ប្រកបដោយប្រយោជន៍ ត្រូវតាមកាល។ ព្រះតថាគតនោះ ព្រោះបានធ្វើ សន្សំនូវកុសលកម្ម។បេ។ លុះព្រះតថាគតនោះ ច្យុតចាកឋានសួគ៌នោះ មកកាន់អត្តភាពជាមនុស្សនេះ ក៏បាននូវមហាបុរិសលក្ខណៈនេះ គឺជាអ្នកមានចង្កា មានសណ្ឋានដូចជាចង្កានៃរាជសីហ៍។ ព្រះតថាគតនោះ ប្រកបដោយលក្ខណៈនោះ បើនៅគ្រប់គ្រងគេហដ្ឋាន នឹងបានជាស្តេចចក្រពត្តិ។បេ។ កាលបើបានជាស្តេចហើយ តើនឹងបានរបស់អ្វី គឺនឹងបានជាអ្នក ដែលមនុស្សជាសឹកសត្រូវបច្ចាមិត្តនីមួយ មិនអាចកំចាត់បង់បានឡើយ កាលបើនៅជាស្តេច នឹងបានរបស់នេះឯង។បេ។ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់អ្វី គឺនឹងបានជាអ្នក ដែលសត្រូវបច្ចាមិត្ត ខាងក្នុង ឬខាងក្រៅ គឺរាគៈក្តី ទោសៈក្តី មោហៈក្តី សមណៈក្តី ព្រាហ្មណ៍ក្តី ទេវតាក្តី មារក្តី ព្រហ្មក្តី ឬអ្នកណាមួយក្នុងលោក មិនអាចធ្វើព្រះតថាគត ឲ្យឃ្លាត (ចាកគុណ ឬទី) បានឡើយ កាលបើព្រះតថាគត បានត្រាស់ជាព្រះពុទ្ធ នឹងបានរបស់នេះឯង។ លុះព្រះមានព្រះភាគ បានសំដែងសេចក្តីនេះរួចហើយ។ ទើបទ្រង់ត្រាស់នូវគាថាព័ន្ធនេះ ក្នុងលក្ខណៈនោះថា