បពិត្រលោកម្ចាស់ លោកម្ចាស់ត្រូវការដោយវត្ថុណាដែលខ្ញុំព្រះករុណាល្មមនឹងប្រគេនលោកម្ចាស់បាន ដូចជាចីវរ បិណ្ឌបាត គ្រឿងសេនាសន គ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់មនុស្សឈឺនោះ លោកម្ចាស់និមន្តប្រាប់មកចុះ។ ឧទាយិភិក្ខុឆ្លើយថា ម្នាលប្អូនស្រី ចីវរ បិណ្ឌបាត គ្រឿងសេនាសន គ្រឿងបរិក្ខារ គឺថ្នាំជាបច្ច័យដល់មនុស្សមានជម្ងឺដែលជារបស់នាង យើងមិនមែនបានដោយកម្រទេ តែថារបស់ណាដែលយើងបានដោយកម្រ នាងចូរឲ្យរបស់នោះដល់យើងវិញចុះ។ ស្រីនោះសួរថា ឲ្យអ្វីលោកម្ចាស់។ ឧទាយិភិក្ខុឆ្លើយថា ឲ្យមេថុនធម្ម។ ស្រីនោះសួរថា លោកម្ចាស់ត្រូវការឬ។ ឧទាយិភិក្ខុឆ្លើយថា ម្នាលប្អូនស្រី អាត្មាត្រូវការដែរ។ ស្រីនោះឆ្លើយថា លោកម្ចាស់និមន្តមកចុះ ថាហើយ ក៏ចូលទៅក្នុងបន្ទប់តូច ដោះសំពត់សាដកចេញ ហើយដេកផ្ងាលើគ្រែ។ ឧទាយិភិក្ខុដ៏មានអាយុ ក៏ចូលទៅជិតស្រីនោះក្នុងពេលនោះឯង លុះចូលទៅដល់ហើយ ក៏ស្តីឲ្យថា អ្នកណានឹងហ៊ានស្ទាបអង្អែលស្រីអាក្រក់មានក្លិនស្អុយយ៉ាងនេះ ថាហើយក៏ខាកស្តោះដើរចេញទៅ។ គ្រានោះឯង ស្រីនោះក៏ពោលទោស តិះដៀល បន្តុះបង្អាប់ថា សមណទាំងនេះជាកូនចៅព្រះពុទ្ធ ជាសក្យបុត្តគ្មានសេចក្តីអៀនខ្មាស ទ្រុស្តសីល និយាយពាក្យកុហក ព្រោះថាសមណទាំងនេះប្តេជ្ញាខ្លួនថាជាអ្នកប្រព្រឹត្តត្រឹមត្រូវ