ខ្លួនដោយកាមក្នុងសំណាក់មាតុគ្រាមមែនឬ។ ឧទាយិភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ សេចក្តីនុ៎ះពិតមែន។ ព្រះសព្វញ្ញុពុទ្ធដ៏មានព្រះភាគ ទ្រង់តិះដៀលថា ម្នាលបុរសសាបសូន្យ ដំណើរនេះមិនទំនង មិនសមគួរ មិនត្រូវបែប មិនមែនជារបស់សមណ មិនគប្បីសោះ មិនគួរធ្វើសោះ ម្នាលមោឃបុរស មិនសមបីបើ អ្នកឯងពោលសរសើរការបម្រើខ្លួនដោយកាមក្នុងសំណាក់មាតុគ្រាម (ដូច្នោះទេ) ម្នាលមោឃបុរស ធម៌ដែលតថាគតសំដែងហើយដោយអនេកបរិយាយ (សុទ្ធតែ) ដើម្បីឲ្យប្រាសចាករាគ មិនមែនសំដែងឲ្យប្រកបដោយរាគទេ។បេ។ ការរម្ងាប់សេចក្តីក្តៅក្រហាយព្រោះកាម តថាគតក៏បានសំដែងហើយ ម្នាលមោឃបុរស អំពើលាមករបស់អ្នកឯងនុ៎ះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លានោះទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយ គឺរាគគ្របសង្កត់ហើយ មានចិត្តប្រែប្រួល ពោលសរសើរការបម្រើជាកាមដើម្បីខ្លួនក្នុងសំណាក់នៃមាតុគ្រាម ដោយសំដីប្រកបដោយមេថុនធម្មថា ស្រីណាគប្បីបម្រើនូវភិក្ខុមានសីល មានធម៌ជាកុសល ជាអ្នកប្រព្រឹត្តធម៌ដ៏ប្រសើរប្រហែលដូចអាត្មាដោយធម៌នេះ ម្នាលប្អូនស្រី ការបម្រើនេះរបស់ស្រីនោះ ជាការប្រសើរជាងការបម្រើទាំងអស់ (ពោលពាក្យដូច្នោះ) ភិក្ខុនោះត្រូវអាបត្តិសង្ឃាទិសេស។