ខ្ញុំមិនឲ្យទេ។ មនុស្សទាំងឡាយសួរទៅពួកសាវករបស់អាជីវកនោះថា បពិត្រអ្នកម្ចាស់ទាំងឡាយ អស់អ្នកមកនេះមានការអ្វី។ ពួកសាវករបស់អាជីវកនោះប្រាប់ថា យើងមកដណ្តឹងធីតារបស់អ្នកស្រីប្រពន្ធហោរាឈ្មោះឯណោះក្នុងស្រុកនេះ ឲ្យកុមាររបស់យើង តែនាងនោះនិយាយថា បពិត្រអ្នកម្ចាស់ទាំងឡាយ ខ្ញុំឯងមិនធ្លាប់ស្គាល់អស់អ្នកថា អ្នកទាំងឡាយជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ធីតានេះ ជាធីតាតែមួយរបស់ខ្ញុំ ហើយថាត្រូវទៅស្រុកក្រៅផងទៀត ខ្ញុំមិនឲ្យទេ។ មនុស្សទាំងឡាយនោះប្រាប់ទៅពួកសាវករបស់អាជីវកវិញថា បពិត្រអ្នកម្ចាស់ទាំងឡាយ ថ្វីបានជាអ្នកទៅដណ្តឹងធីតារបស់ប្រពន្ធហោរានោះ ក្រែងត្រូវអ្នកទាំងឡាយពិតលោកម្ចាស់ឧទាយិ លោកម្ចាស់ឧទាយិនឹងបង្គាប់ឲ្យគេឲ្យទេឬ។ គ្រានោះឯង ពួកសាវករបស់អាជីវក ក៏ចូលទៅឯទីដែលឧទាយិភិក្ខុនៅ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងឧទាយិភិក្ខុដ៏មានអាយុថា បពិត្រលោកដ៏ចំរើន យើងមកដណ្តឹងធីតារបស់ប្រពន្ធហោរាឈ្មោះឯណោះក្នុងស្រុកនេះ ឲ្យកុមាររបស់យើង តែនាងនោះនិយាយយ៉ាងនេះថា ខ្ញុំឯងមិនធ្លាប់ស្គាល់អស់អ្នកថា អ្នកទាំងឡាយជាអ្វីទេ ឬជាកូនចៅអ្នកណាទេ ម្យ៉ាងទៀត ធីតានេះ ជាធីតាតែមួយរបស់ខ្ញុំ ហើយថាត្រូវទៅស្រុកក្រៅផងទៀត ខ្ញុំមិនឲ្យទេ បពិត្រលោកដ៏ចំរើន