ក៏ចូលទៅត្រង់ទីដែលឧទាយិភិក្ខុដ៏មានអាយុនៅ លុះចូលទៅដល់ហើយ និយាយពាក្យនេះនឹងឧទាយិភិក្ខុដ៏មានអាយុថា បពិត្រលោកដ៏ចំរើន ឮដំណឹងថា នាងកុមារីនោះ ដល់នូវសេចក្តីក្រីក្រលំបាក មិនបានសេចក្តីសុខសោះ ព្រោះពួកសាវករបស់អាជីវកប្រើប្រាស់វា ដោយការបម្រើជាកូនប្រសាបានតែត្រឹម១ខែទេ តពីនោះមក ក៏ប្រើប្រាស់ដោយការបម្រើជាទាសីទៅវិញ បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់និយាយនឹងគេដូច្នេះថា ម្នាលអ្នកទាំងឡាយ អ្នកទាំងអស់គ្នា កុំប្រើប្រាស់នាងកុមារីនេះ ដោយការបម្រើជាទាសីឡើយ ចូរប្រើប្រាស់នាងកុមារីនេះដោយការបម្រើជាកូនប្រសាវិញ។ គ្រានោះឯង ឧទាយិដ៏មានអាយុចូលទៅត្រង់ទីដែលពួកសាវករបស់អាជីវកនៅ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងពួកសាវករបស់អាជីវកនោះថា ម្នាលអ្នកទាំងឡាយ អ្នកទាំងអស់គ្នា កុំប្រើប្រាស់នាងកុមារីនេះ ដោយការបម្រើជាទាសីឡើយ ចូរប្រើប្រាស់នាងកុមារីនេះដោយការបម្រើជាកូនប្រសាវិញ។ ពួកសាវករបស់អាជីវកនោះឆ្លើយថា យើងគ្មានទាក់ទងជាមួយនឹងលោកទេ យើងមានទាក់ទងតែនឹងប្រពន្ធហោរាទេតើ សមណមិនត្រូវខ្វល់ខ្វាយទេ សមណត្រូវតែជាសមណល្អ លោកចូរទៅវិញទៅ យើងមិនស្គាល់លោកទេ។ ឯឧទាយិភិក្ខុដ៏មានអាយុ កាលដែលពួកសាវករបស់អាជីវកមិនឲ្យជ្រះថ្លា