ហើយក៏ត្រឡប់មកកាន់ក្រុងសាវត្ថីវិញ។ នាងកុមារីនោះ ក៏ប្រើបម្រើទៅឯសំណាក់ម្តាយក្នុងលើកទី៣ទៀតថា ខ្លួនខ្ញុំដល់នូវសេចក្តីក្រីក្រលំបាកណាស់ មិនបានសេចក្តីសុខទេ ព្រោះពួកសាវករបស់អាជីវកប្រើប្រាស់ខ្ញុំ ដោយការបម្រើជាកូនប្រសាបានតែត្រឹម១ខែទេ តពីនោះមក ក៏ប្រើប្រាស់ខ្ញុំដោយការបម្រើជាទាសីទៅវិញ សូមឲ្យអ្នកម្តាយខ្ញុំ អញ្ជើញមកនាំយកខ្ញុំទៅផង។ ប្រពន្ធហោរានោះ ចូលទៅឯទីដែលឧទាយិភិក្ខុនៅ លុះចូលទៅដល់ហើយ ក៏និយាយពាក្យនេះនឹងឧទាយិភិក្ខុដ៏មានអាយុក្នុងលើកទី២ថា បពិត្រលោកម្ចាស់ ឮដំណឹងថា នាងកុមារីនោះ ជាស្រីដល់នូវសេចក្តីក្រីក្រលំបាកណាស់ មិនបានសេចក្តីសុខទេ ព្រោះពួកសាវករបស់អាជីវកប្រើប្រាស់វា ដោយការបម្រើជាកូនប្រសាបានតែត្រឹម១ខែទេ តពីនោះមក ក៏ប្រើប្រាស់ដោយការបម្រើជាទាសីទៅវិញ បពិត្រលោកដ៏ចំរើន គួរលោកម្ចាស់ទៅនិយាយនឹងគេថា ម្នាលអ្នកទាំងឡាយ អ្នកទាំងអស់គ្នា កុំប្រើប្រាស់នាងកុមារីនេះ ដោយការបម្រើជាខ្ញុំស្រី ចូរប្រើប្រាស់នាងកុមារីនេះដោយការបម្រើជាកូនប្រសាវិញ។ ឧទាយិភិក្ខុឆ្លើយថា កាលពីមុន ពួកសាវករបស់អាជីវក ធ្វើអាត្មាមិនឲ្យជ្រះថ្លាម្តងទៅហើយ ឥឡូវនេះ នាងចូលទៅចុះ អាត្មាមិនទៅទៀតទេ។