បានឃើញមណិកណ្ឋនាគរាជឡើងអំពីស្ទឹងគង្គា លុះឃើញហើយ ក៏ពោលពាក្យសូមកែវមណីនឹងមណិកណ្ឋនាគរាជថា ម្នាលអ្នកដ៏ចំរើន សូមអ្នកឲ្យកែវមណីដល់អាត្មា អាត្មាត្រូវការដោយកែវមណី។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មណិកណ្ឋនាគរាជពោលនឹងឥសីប្អូន ដោយគាថាទាំងឡាយថា
បាយនិងទឹកដ៏ផ្ចិតផ្ចង់ជាច្រើន តែងកើតឡើងដល់ខ្ញុំ ព្រោះអាស្រ័យកែវមណីនេះ ខ្ញុំនឹងឲ្យកែវមណីនោះដល់លោកមិនបានទេ លោកជាអ្នកស្មូរសូមហួសពេក ខ្ញុំនឹងលែងមកកាន់អាស្រមរបស់លោកទៀតហើយ។ មនុស្សកំឡោះដែលមានដាវសំលៀងដោយថ្មខ្មៅយ៉ាងមុតក្នុងដៃ នឹងគប្បីធ្វើនរណាៗ ឲ្យស្លុតខ្លាចបានដូចម្តេចមិញ លោកសូមកែវមណីនឹងខ្ញុំ ធ្វើខ្ញុំឲ្យស្លុតខ្លាច ក៏ដូច្នោះដែរ ខ្ញុំនឹងឲ្យកែវមណីនោះដល់លោកមិនបានទេ លោកជាអ្នកស្មូរសូមហួសពេក ខ្ញុំនឹងលែងមកកាន់អាស្រមរបស់លោកទៀតហើយ។