ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មណិកណ្ឋនាគរាជក៏រំពឹងថា ភិក្ខុចេះតែសូមកែវមណី ភិក្ខុត្រូវការដោយកែវមណី ហើយចៀសចេញទៅ។ មណិកណ្ឋនាគរាជ កាលដែលចៀសចេញទៅដូច្នោះហើយ ក៏លែងត្រឡប់មកវិញទៀត។ ម្នាលភិក្ខុទាំងឡាយ លុះកាលតមក ឥសីប្អូន ព្រោះមិនបានឃើញនាគដែលគួរឃើញនោះ ក៏រឹងរឹតតែស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ម្នាលភិក្ខុទាំងឡាយ ឥសីបងបានឃើញឥសីប្អូនរឹងរឹតតែស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ លុះឃើញហើយ បានសួរឥសីប្អូនថា ម្នាលអ្នកដ៏ចំរើន ហេតុអ្វីបានជាអ្នករឹងរឹតតែស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ឥសីប្អូនឆ្លើយថា បពិត្រលោកបងដ៏ចំរើន ព្រោះមិនបានឃើញនាគនោះដែលគួរឃើញ បានជាខ្ញុំរឹងរឹតតែស្គាំងស្គម សៅហ្មង មានសម្បុរអាក្រក់ កើតជារោគលឿង ស្លេកស្លាំង មានខ្លួនរវាមដោយសរសៃ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះ ឥសីបងបានពោលគាថានឹងឥសីប្អូនថា