ត្រង់​ពាក្យ​ថា​ ​មិន​មាន​ទាយក​ជា​ម្ចាស់​របស់​ ​សេចក្តី​ថា​ ​មិន​មាន​អ្នកដទៃ​ណាមួយ​ទោះ​ស្រី​ក្តី​ ​ប្រុស​ក្តី​ ​គ្រហស្ថ​ក្តី​ ​បព្វជិត​ក្តី​ ​ជា​ម្ចាស់​របស់​។​ ​ត្រង់​ពាក្យ​ថា​ ​ចំពោះ​ជាទី​នៅ​នៃ​ខ្លួន​ ​គឺ​ដើម្បី​ជា​ប្រយោជន៍​ដល់​ខ្លួន​។​ ​ត្រង់​ពាក្យ​ថា​ ​គប្បី​ធ្វើឲ្យ​ប្រកបដោយ​ប្រមាណ​ ​ប្រមាណ​កុដិ​នោះ​គឺ​ ​បណ្តោយ១២ចំអាម​ ​ដោយ​ចំអាម​ព្រះ​សុគត​ ​គឺ​វាស់​តាម​ទី​ដែល​ជា​ខាងក្រៅ​កុដិ​។​ ​ត្រង់​ពាក្យ​ថា​ ​ទទឹង៧ចំអាម​ ​វាស់​ខាងក្នុង​ ​គឺ​វាស់​តាម​ទី​ដែល​ជា​ខាងក្នុង​កុដិ​។​
 ​[​២០២​]​ ​ត្រង់​ពាក្យ​ថា​ ​ត្រូវ​នាំ​ពួក​ភិក្ខុ​មក​ដើម្បី​សំដែង​ទី​ឲ្យ​ ​សេចក្តី​ថា​ ​រូប​ភិក្ខុ​អ្នកធ្វើ​កុដិ​នោះ​ ​ត្រូវ​ជំរះ​ទី​កុដិ​រួច​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​ធ្វើ​ចីវរ​ឆៀង​ស្មា​ម្ខាង​ ​ថ្វាយបង្គំ​បាទា​ភិក្ខុ​ចាស់​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ប្រណម្យ​អញ្ជលី​ពោល​ពាក្យ​យ៉ាងនេះ​ថា​ ​ខ្ញុំករុណា​ចង់​ធ្វើ​កុដិ​មិន​មាន​ទាយក​ជា​ម្ចាស់​របស់​ ​ចំពោះ​ជាទី​នៅ​នៃ​ខ្លួន​ដោយ​ការ​សូម​គ្រឿងឧបករណ៍​គេ​មក​ខ្លួនឯង​ ​បពិត្រ​លោក​ដ៏​ចំរើន​ទាំងឡាយ​ ​ខ្ញុំករុណា​ឯង​ ​សូមឲ្យ​សង្ឃ​ពិនិត្យមើល​ទី​ធ្វើ​កុដិ​ឲ្យ​ទាន​។​ ​ភិក្ខុ​អ្នកធ្វើ​កុដិ​នោះ​ ​គប្បី​សូម​ជា​គំរប់​ពីរ​ដង​ផង​ ​គប្បី​សូម​ជា​គំរប់​បីដង​ផង​។​ ​បើ​សង្ឃ​ទាំងអស់​ ​អាច​ដើម្បី​ពិនិត្យមើល​ទី​ធ្វើ​កុដិ​បាន​ ​សង្ឃ​ទាំងអស់​គប្បី​ពិនិត្យមើល​។​ ​
ថយ | ទំព័រទី ១៩៤ | បន្ទាប់