លំនៅ​របស់​ភិក្ខុ​ដែល​លាប​ខាងក្នុង​ ​ឬ​លាប​ខាងក្រៅ​ ​ឬ​ដែល​លាប​ទាំង​ខាងក្នុង​ទាំង​ខាងក្រៅ​ ​ហៅថា​កុដិ​។​ ​ត្រង់​ពាក្យ​ថា​ ​ឲ្យ​គេ​ធ្វើ​ ​គឺ​ធ្វើខ្លួន​ឯង​ក្តី​ ​ឲ្យ​គេ​ធ្វើ​ក្តី​។​ ​ត្រង់​ពាក្យ​ថា​ ​មិនបាន​នាំ​ពួក​ភិក្ខុ​មក​ដើម្បី​សំដែង​ទី​ឲ្យ​ក្តី​ ​ធ្វើឲ្យ​កន្លង​ហួសប្រមាណ​ក្តី​ ​សេចក្តី​ថា​ ​មិនបាន​ឲ្យ​សង្ឃ​សំដែង​ទី​ធ្វើ​កុដិ​ ​ដោយ​បណ្តោយ​ក្តី​ ​ដោយ​ទទឹង​ក្តី​ ​ដោយ​ញត្តិទុតិយកម្ម​ ​ហើយ​ធ្វើខ្លួន​ឯង​ក្តី​ ​ប្រើ​គេ​ឲ្យ​ធ្វើ​ក្តី​ ​ឲ្យ​កន្លង​ហួសប្រមាណ​ ​សូម្បី​ប្រមាណ​ប៉ុន​ចុង​សក់​ ​ត្រូវអាបត្តិ​ទុក្កដ​រាល់​ប្រយោគ​ ​កាល​នៅតែ​បូក១ដុំ​នឹង​ហើយ​ ​ត្រូវអាបត្តិ​ថុល្លច្ច័យ​ ​កាលបើ​បូក១ដុំ​នោះ​ហើយស្រេច​ ​ត្រូវអាបត្តិ​សង្ឃាទិសេស​។​ ​ត្រង់​ពាក្យ​ថា​ ​សង្ឃាទិសេស​ ​មាន​សេចក្តី​អធិប្បាយ​ពិស្តារ​ក្នុង​សង្ឃាទិសេស​សិក្ខាបទ​ទី១​ ​រួចហើយ​។​
 ​[​២០៩​]​ ​ភិក្ខុ​ធ្វើ​កុដិ​ដែល​ឥតមាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​មានហេតុ​ទាស់​ ​គឺទី​មាន​អន្តរាយ​ ​មិន​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ពីរ​ ​និង​ ​អាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​ធ្វើ​កុដិ​ដែល​ឥតមាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​មានហេតុ​ទាស់​ ​តែ​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​និង​អាបត្តិ​សង្ឃាទិសេស​។​ ​ភិក្ខុ​ធ្វើ​កុដិ​ដែល​ឥតមាន​ពួក​ភិក្ខុ​សំដែង​ទី​ឲ្យ​ ​មិន​មានហេតុ​ទាស់​ ​មិន​មាន​ឧបចារ​ ​ត្រូវអាបត្តិ​ទុក្កដ​ ​និង​អាបត្តិ​សង្ឃាទិសេស​។​
ថយ | ទំព័រទី ២០០ | បន្ទាប់