ឥតមានហេតុទាស់ តែឥតមានទីឧបចារ... ត្រូវអាបត្តិទុក្កដ និងអាបត្តិសង្ឃាទិសេស។បេ។ ឥតមានហេតុទាស់ មានទីឧបចារ...ត្រូវអាបត្តិសង្ឃាទិសេស។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ ប្រកបដោយប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះគប្បីឲ្យកុដិនោះដល់ភិក្ខុដទៃ ឬគប្បីទំលាយបង់ ហើយឲ្យធ្វើជាថ្មីទៀត។ បើភិក្ខុនោះមិនបានឲ្យកុដិនោះដល់ភិក្ខុដទៃទេ ឬមិនបានទំលាយបង់ ហើយឲ្យធ្វើជាថ្មីទៀតទេ ត្រូវអាបត្តិទុក្កដពីរ។បេ។ មានហេតុទាស់ តែមានទីឧបចារ...ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ តែឥតមានទីឧបចារ... ត្រូវអាបត្តិទុក្កដ។បេ។ ឥតមានហេតុទាស់ មានទីឧបចារ ជាអនាបត្តិ។ ភិក្ខុបង្គាប់ (ពួកភិក្ខុផងគ្នា) ថា អ្នកទាំងឡាយចូរធ្វើកុដិឲ្យខ្ញុំ ហើយចៀសចេញទៅ។ ពួកភិក្ខុក៏ធ្វើកុដិឲ្យភិក្ខុនោះ មិនមានពួកភិក្ខុសំដែងទីឲ្យ ហួសប្រមាណ មានហេតុទាស់ ឥតមានទីឧបចារ។ កាលបើការដែលធ្វើកុដិមិនទាន់ស្រេច ក៏ស្រាប់តែភិក្ខុនោះមកដល់។ ភិក្ខុនោះគប្បីឲ្យកុដិនោះដល់ភិក្ខុដទៃ ឬគប្បីរុះរើធ្វើជាថ្មីទៀត។