ព្រះទព្វមល្លបុត្តដ៏មានអាយុ បានត្រិះរិះដូច្នេះថា បើដូច្នោះ មានតែអញត្រូវរៀបចំសេនាសនផង ត្រូវចាត់ចែងចង្ហាន់ទាំងឡាយផង ដល់ព្រះសង្ឃ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏ចេញអំពីទីសម្ងំក្នុងកម្មដ្ឋាននៅពេលសាយណ្ហសម័យ ហើយចូលទៅគាល់ព្រះដ៏មានព្រះភាគក្នុងពេលនោះ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ ហើយអង្គុយក្នុងទីដ៏សមគួរ លុះព្រះទព្វមល្លបុត្តដ៏មានអាយុគង់ក្នុងទីដ៏សមគួរមួយហើយ ក៏ក្រាបទូលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គទៅក្នុងទីស្ងាត់ សម្ងំនៅក្នុងកម្មដ្ឋានក្នុងថ្ងៃនេះ មានចិត្តត្រិះរិះកើតឡើងយ៉ាងនេះថា អាត្មាឯងកើតឡើងបាន៧ឆ្នាំ បានសម្រេចអរហត្តផល គុណជាតឯណានីមួយដែលសាវកត្រូវដល់ គុណជាតទាំងអស់ (នោះ) ក៏អាត្មាបានដល់ដោយលំដាប់ហើយ ម្យ៉ាងទៀត កិច្ចអ្វីនីមួយ ដែលអាត្មាគប្បីធ្វើតទៅទៀត ឬកិច្ចដែលអាត្មាបានធ្វើរួចហើយ នឹងធ្វើកិច្ចនោះឲ្យចំរើនឡើងតទៅទៀតក៏មិនមានឡើយ (បើដូច្នោះ) អាត្មាគប្បីធ្វើការខ្វល់ខ្វាយ បម្រើដល់សង្ឃឬអ្វីហ្ន បពិត្រព្រះអង្គដ៏ចំរើន សេចក្តីត្រិះរិះនេះកើតមានដល់ខ្ញុំព្រះអង្គនោះថា បើដូច្នោះ មានតែអាត្មាត្រូវរៀបចំសេនាសនផង ត្រូវចាត់ចែងចង្ហាន់ទាំងឡាយផង ដល់ព្រះសង្ឃ បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គចង់រៀបចំសេនាសនផង