ជាអ្នកចំរើនឈាន ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនក្នុងទីជាមួយគ្នា សម្រាប់ភិក្ខុទាំងឡាយនោះ ដោយគិតថា ភិក្ខុអ្នកចំរើនឈានទាំងឡាយនោះមិនបៀតបៀនគ្នាទៅវិញទៅមក ភិក្ខុទាំងឡាយឯណា ជាអ្នកពោលតិរច្ឆានកថា(១) ច្រើនដោយការថ្នមខ្លួន ព្រះទព្វមល្លបុត្ត ក៏រៀបចំសេនាសនជាមួយគ្នា ដើម្បីភិក្ខុទាំងឡាយនោះ ដោយគិតថា លោកដ៏មានអាយុទាំងឡាយនេះ នឹងនៅទាល់ភ្លឺដោយពោលនូវតិរច្ឆានកថានេះ ភិក្ខុទាំងឡាយឯណា មកដល់ក្នុងពេលដែលងងិត ព្រះទព្វមល្លបុត្ត ក៏ចូលកាន់តេជោធាតុ(២) ហើយរៀបចំសេនាសនដោយពន្លឺនៃតេជោធាតុ ដើម្បីភិក្ខុទាំងឡាយនោះ។ ជួនកាលមានភិក្ខុទាំងឡាយក្លែងក្លាយ ហើយមកក្នុងពេលងងិត ដោយគិតថា យើងទាំងឡាយនឹងឃើញឥទ្ធិបាដិហារិយ៍របស់ទព្វមល្លបុត្តដ៏មានអាយុ។ ភិក្ខុទាំងនោះ ចូលទៅរកព្រះទព្វមល្លបុត្តដ៏មានអាយុ ហើយពោលយ៉ាងនេះថា ម្នាលអាវុសោទព្វ លោកចូររៀបចំសេនាសនដើម្បីយើងទាំងឡាយ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ ក៏ពោលនូវពាក្យយ៉ាងនេះនឹងភិក្ខុទាំងឡាយនោះថា លោកទាំងឡាយដ៏មានអាយុចង់បានក្នុងទីណា ខ្ញុំត្រូវរៀបចំក្នុងទីដូចម្តេច។ ភិក្ខុទាំងឡាយនោះ
(១) ពាក្យពោលដូចជាពាក្យតិរច្ឆាន គឺនិយាយពាក្យឥតប្រយោជន៍ ជាពាក្យក្រៅធម៌វិន័យ ។ (២) ព្រះទព្វមល្លបុត្តចូលឈានក្នុងពេលនោះ យកភ្លើងជាអារម្មណ៍ ឬជាកសិណ ។