គហបតីនោះ ព្រមទាំងកូនប្រពន្ធ ចូលទៅបម្រើអង្គាស (ព្រះសង្ឃ) ក្នុងរោងភត្ត។ ភិក្ខុទាំងឡាយដទៃខ្លះសួររកបាយ ខ្លះសួររកសម្ល ខ្លះសួររកប្រេង ខ្លះសួររកសម្លឧត្តរិភង្គ។ សម័យនោះឯង មេត្តិយ និងភុម្មជកភិក្ខុត្រូវវេនទទួលចង្ហាន់ក្នុងថ្ងៃស្អែករបស់គហបតីឈ្មោះកល្យាណភត្តិក ជាចង្ហាន់ដែលភត្តុទ្ទេសក(១) ភិក្ខុសំដែងឲ្យ។ គ្រានោះ គហបតីឈ្មោះកល្យាណភត្តិក បានទៅកាន់អារាមដោយមានកិច្ចការអ្វីមួយដែលខ្លួនត្រូវធ្វើ។ គហបតីនោះចូលទៅរកព្រះទព្វមល្លបុត្តដ៏មានអាយុ លុះចូលទៅដល់ហើយ ក៏ថ្វាយបង្គំព្រះទព្វមល្លបុត្តដ៏មានអាយុ ហើយអង្គុយនៅក្នុងទីដ៏សមគួរ។ ព្រះទព្វមល្លបុត្តដ៏មានអាយុ បាននិយាយពន្យល់គហបតីឈ្មោះកល្យាណភត្តិកឲ្យឃើញច្បាស់ ឲ្យជឿជាក់ ឲ្យខ្មីឃ្មាត ឲ្យរីករាយព្រមដោយពាក្យដ៏ប្រកបដោយធម៌។ លំដាប់នោះ គហបតីឈ្មោះកល្យាណភត្តិក កាលដែលព្រះទព្វមល្លបុត្តដ៏មានអាយុ និយាយពន្យល់ឲ្យឃើញច្បាស់ ឲ្យជឿជាក់ ឲ្យខ្មីឃ្មាត ឲ្យរីករាយព្រម ដោយពាក្យដ៏ប្រកបដោយធម៌ (ដូច្នោះ) ពោលនូវពាក្យនេះនឹងព្រះទព្វមល្លបុត្តដ៏មានអាយុថា បពិត្រលោកម្ចាស់ដ៏ចំរើន ភត្តក្នុងផ្ទះរបស់យើងក្នុងថ្ងៃស្អែក លោកម្ចាស់បានចាត់ឲ្យលោកអង្គណា។ ព្រះទព្វមល្លបុត្តឆ្លើយថា ម្នាលគហបតី ភត្តក្នុងផ្ទះរបស់អ្នក
(១) ភិក្ខុដែលសង្ឃសន្មតឲ្យជាអ្នកសំដែងភត្តដល់ភិក្ខុទាំងពួង ។