មេត្តិយាភិក្ខុនីសួរថា (បើដូច្នោះ) លោកម្ចាស់ឲ្យខ្ញុំធ្វើដូចម្តេច។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី បើនាងចង់ឲ្យព្រះដ៏មានព្រះភាគធ្វើឲ្យទព្វមល្លបុត្តវិនាស (នោះ) ព្រះដ៏មានព្រះភាគនឹងធ្វើទព្វមល្លបុត្តឲ្យវិនាសក្នុងថ្ងៃនេះពុំខាន។ មេត្តិយាភិក្ខុនីសួរថា ចុះលោកម្ចាស់រាល់អង្គឲ្យខ្ញុំធ្វើដូចម្តេច ខ្ញុំអាចធ្វើម្តេច។ មេត្តិយភិក្ខុ និងភុម្មជកភិក្ខុឆ្លើយថា ម្នាលប្អូនស្រី ចូរនាងមក ចូរនាងចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅគាល់ហើយ ចូរនាងក្រាបទូលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះអង្គដ៏ចំរើន ការនេះមិនមែនជាការបិទបាំង មិនមែនជាការសមគួរសោះឡើយ បពិត្រព្រះអង្គដ៏ចំរើន ទិសណាដែលមិនមានភ័យ មិនមានចង្រៃ មិនមានឧបទ្រព ទិសនោះត្រឡប់ជាប្រកបដោយភ័យ ប្រកបដោយចង្រៃ ប្រកបដោយឧបទ្រពវិញ ទីកន្លែងណាដែលមិនធ្លាប់មានខ្យល់ ទីកន្លែងនោះត្រឡប់ជាមានខ្យល់វិញ ដូចជាទឹកធ្លាប់ត្រជាក់ ប្រែជាក្តៅ ឥឡូវព្រះទព្វមល្លបុត្តជាម្ចាស់ លោកប្រទូស្ត(១) នឹងខ្ញុំម្ចាស់ហើយ។ មេត្តិយាភិក្ខុនីទទួលស្តាប់ពាក្យមេត្តិយភិក្ខុ និងភុម្មជកភិក្ខុ ដោយពាក្យថា យ៉ាងហ្នឹងហើយលោកម្ចាស់ រួចហើយចូលទៅគាល់ព្រះដ៏មានព្រះភាគ លុះចូលទៅដល់ហើយ ក៏ក្រាបថ្វាយបង្គំព្រះដ៏មានព្រះភាគ
(១) ជាពាក្យបញ្ចៀស សំដៅសេចក្តីថាសេពមេថុន ។