ព្រះដ៏មានព្រះភាគ ទ្រង់ជ្រាបនូវខ្ញុំព្រះអង្គដោយពិតហើយ។ ព្រះបរមគ្រូត្រាស់ថា ម្នាលទព្វៈ អ្នកប្រាជ្ញទាំងឡាយ មិនពោលបណ្តោះបណ្តៃយ៉ាងនេះទេ បើអំពើដែលអ្នកបានធ្វើហើយ អ្នកចូរប្រាប់ថា ខ្ញុំធ្វើហើយ បើអំពើដែលអ្នកមិនបានធ្វើទេ អ្នកចូរប្រាប់ថា ខ្ញុំមិនបានធ្វើទេ។ ព្រះទព្វមល្លបុត្តក្រាបទូលថា បពិត្រព្រះអង្គដ៏ចំរើន ខ្ញុំព្រះអង្គតាំងពីដួចកើតមក សូម្បីតែយល់សប្តិសេពមេថុនធម្ម ក៏មិនដែលស្គាល់សោះឡើយ នឹងបាច់ពោលទៅថ្វីដល់ការរលឹក (នោះ)។ លំដាប់នោះ ព្រះដ៏មានព្រះភាគត្រាស់ហៅភិក្ខុទាំងឡាយមក ហើយទ្រង់ត្រាស់ថា ម្នាលភិក្ខុទាំងឡាយ បើដូច្នោះ អ្នកទាំងឡាយចូរឲ្យមេត្តិយាភិក្ខុនីសឹកចេញ ម្យ៉ាងទៀត អ្នកទាំងឡាយចូរសាកសួរភិក្ខុទាំងឡាយនេះមើល។ លុះព្រះដ៏មានព្រះភាគទ្រង់ត្រាស់ដូច្នេះហើយ ក៏ក្រោកចាកអាសនៈចូលទៅកាន់វិហារវិញ។ ភិក្ខុទាំងឡាយនោះ ក៏ឲ្យមេត្តិយាភិក្ខុនីសឹកក្នុងពេលនោះ។ ទើបមេត្តិយភិក្ខុ និងភុម្មជកភិក្ខុនិយាយពាក្យនេះនឹងភិក្ខុទាំងឡាយថា ម្នាលអាវុសោ ចូរលោកកុំផ្សឹកមេត្តិយាភិក្ខុនីៗនោះ ឥតមានកំហុសសោះទេ (ហេតុដើមមកពី) យើងខឹង មិនសប្បាយចិត្ត (យើង) ចង់ឲ្យទព្វមល្លបុត្តឃ្លាតចាកសមណភេទ ទើបឲ្យមេត្តិយាភិក្ខុនីនោះប្រឹងប្រែងឡើង។ ភិក្ខុទាំងឡាយសួរថា ម្នាលអាវុសោ អ្នកហ៊ានចោទព្រះទព្វមល្លបុត្តដ៏មានអាយុ ដោយអាបត្តិបារាជិក