សង្ឃាទិសេសទី៩
[២៦៤] សម័យនោះ ព្រះពុទ្ធដ៏មានជោគជាម្ចាស់ ទ្រង់គង់នៅក្នុងអារាមវេឡុវន(១) ជាកលន្ទកនិវាបស្ថាន ក្បែរក្រុងរាជគ្រឹះ។ សម័យនោះឯង មេត្តិយភិក្ខុ និងភុម្មជកភិក្ខុទាំងឡាយ កាលនាំគ្នាចុះអំពីភ្នំគិជ្ឈកូដ បានឃើញពពែឈ្មោលកំពុងរួមសន្ថវៈនឹងពពែញី លុះឃើញហើយ ទើបនិយាយគ្នាយ៉ាងនេះថា អើអាវុសោ ពួកយើងនឹងសន្មតពពែឈ្មោលនេះឲ្យជាឈ្មោះទព្វមល្លបុត្ត (បុត្តមល្លក្សត្រ) សន្មតពពែញីនេះឲ្យជាឈ្មោះនាងមេត្តិយាភិក្ខុនី យើងនឹងនាំគ្នាហៅយ៉ាងនេះ ម្នាលអាវុសោ កាលអំពីដើម យើងបានចោទទព្វមល្លបុត្តដោយពាក្យថា យើងបានឮ ប៉ុន្តែឥឡូវនេះ ទព្វមល្លបុត្តសេពមេថុនធម្មនឹងនាងមេត្តិយាភិក្ខុនី យើងបានឃើញដោយខ្លួនឯង។
(១) អារាមវេឡុវន ប្រែតាមសព្ទថា វត្តព្រៃឫស្សី កន្លែងនេះពីដើមជាឱទ្យានព្រះរាជទ្រព្យព្រះបាទពិម្ពិសារ ៗទ្រង់វេរថ្វាយដល់ព្រះពុទ្ធជាម្ចាស់កាលយាងចូលទៅកាន់ក្រុងរាជគ្រឹះជាដម្បូង ដើម្បីទ្រង់សំដែងព្រះធម៌ទេសនា ព្រះបាទពិម្ពិសារបានដល់សោតាបត្តិផល មានព្រះហឫទ័យជឿជាក់ក្នុងព្រះពុទ្ធសាសនា ហើយក៏វេរឱទ្យានឈ្មោះវេឡុវននោះថ្វាយជាព្រះអារាមសម្រាប់សង្ឃ មានព្រះពុទ្ធជាប្រធាន ជាអារាមដម្បូងមុនអារាមទាំងអស់។ ដែលហៅថា កលន្ទកនិវាបស្ថាន ព្រោះកន្លែងនោះឯង មនុស្សទាំងឡាយធ្លាប់ឲ្យអាហារចំណីដល់ពួកសត្វកង្ហែន មានរឿងដំណាលក្នុងអដ្ឋកថាវិន័យថា ពីដើមមកមានស្តេចមួយព្រះអង្គចេញទៅប្រពាតឱទ្យាននោះ ទ្រង់សោយសុរាស្រវឹងផ្ទុំលក់ទៅ។ ឯរាជបរិវារក៏នាំគ្នាទៅបេះផ្លែឈើ ផ្កាឈើ កំសាន្តតាមអធ្យាស្រ័យ។ មានពស់វែក វាធុំក្លិនសុរា ក៏លូនចេញមកពីរន្ធឈើ ហើយបែរមុខទៅចំពោះស្តេច។ មានរុក្ខទេវតា នៅៗទីជិតនោះ ឃើញហេតុដូច្នោះ ចង់ជួយឲ្យស្តេចរួចអំពីមរណ ទើបនិមិត្តជាសត្វកង្ហែនទៅស្រែកខាងព្រះកាណ៌ស្តេច ៗតើនឡើង ទ្រង់ឃើញសត្វទាំងពីរ ទ្រង់ត្រិះរិះថា សត្វកង្ហែនឲ្យជីវិតព្រះអង្គ តាំងពីនោះមក បានទ្រង់ប្រទានអភ័យ ប្រទានអាហារចំណីដល់សត្វកង្ហែនទួទៅ ទើបមនុស្សទាំងឡាយហៅកន្លែងនោះថា កលន្ទកនិវាបស្ថាន រៀងមក ។