ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ វត្ថុ៥ប្រការនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច ដើម្បីសន្តោស ដើម្បីដុសខាត់ចិត្ត ដើម្បីធុតង្គវត្ត ដើម្បីសេចក្តីជ្រះថ្លា ដើម្បីមិនចំរើនកិលេសវដ្ត ដើម្បីប្រារព្ធសេចក្តីព្យាយាមដោយបរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ សូមទ្រង់ព្រះមេត្តាករុណាចុះ សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណានៅក្នុងស្រុក ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ កាន់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្ត ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ ប្រើប្រាស់សម្ពត់បង្សុកូលជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយគហបតីចីវរ ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ នៅទៀបគល់ឈើជាវត្តអស់មួយជីវិត ភិក្ខុណាទៅនៅក្នុងទីប្រក់ទីបាំង ភិក្ខុនោះត្រូវទោស សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រីនិងសាច់អស់មួយជីវិត ភិក្ខុណាឆាន់ត្រីនិងសាច់ ភិក្ខុនោះត្រូវទោស បើយើងសូមយ៉ាងនេះ ព្រះសមណគោតមមុខជានឹងមិនអនុញ្ញាតឲ្យទេ ហើយពួកយើងឯងនឹងពន្យល់ជន (ឲ្យត្រេកអរនឹងយើង) ដោយវត្ថុ៥ប្រការទាំងនេះ។ ទើបកោកាលិកភិក្ខុពោលថា ម្នាលអាវុសោ ពួកយើងអាចនឹងធ្វើការបំបែកសង្ឃ និងទំលាយចក្ររបស់ព្រះសមណគោតមដោយវត្ថុ៥ប្រការនេះបាន ព្រោះមនុស្សទាំងឡាយដែលជ្រះថ្លាក្នុងវត្ថុសៅហ្មង (មានច្រើន) អាវុសោ។