[២៩១] គ្រានោះ ទេវទត្តភិក្ខុព្រមទាំងបរិសទ្យ ចូលទៅគាល់ព្រះដ៏មានព្រះភាគម្ចាស់ ហើយក្រាបថ្វាយបង្គំ រួចអង្គុយក្នុងទីដ៏សមគួរ។ លុះទេវទត្តភិក្ខុអង្គុយស្រួលបួលហើយ ក៏ក្រាបទូលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា បពិត្រព្រះសម្ពុទ្ធជាម្ចាស់ ព្រះអង្គដ៏ទ្រង់ជោគ ទ្រង់សរសើរគុណរបស់បុគ្គលប្រាថ្នាតិច ជាអ្នកសន្តោស ដុសខាត់ចិត្ត ទ្រទ្រង់ធុតង្គ មានសេចក្តីជ្រះថ្លា មិនចំរើនកិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម ដោយបរិយាយជាច្រើន បពិត្រព្រះសម្ពុទ្ធជាម្ចាស់ វត្ថុ៥ប្រការទាំងនេះ ប្រព្រឹត្តទៅដើម្បីសេចក្តីប្រាថ្នាតិច សន្តោស ដុសខាត់ចិត្ត កំចាត់ធម៌គ្រឿងសៅហ្មង ដើម្បីសេចក្តីជ្រះថ្លា មិនចំរើនកិលេសវដ្ត ប្រារព្ធសេចក្តីព្យាយាម បពិត្រព្រះសម្ពុទ្ធជាម្ចាស់ សូមទានទ្រង់ព្រះមេត្តាករុណាចុះ សូមឲ្យភិក្ខុទាំងឡាយនៅតែក្នុងព្រៃជាវត្តអស់មួយជីវិត ភិក្ខុណាចូលមកកាន់ស្រុក ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយកាន់បិណ្ឌបាតជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយការនិមន្ត ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយប្រើប្រាស់សម្ពត់បង្សុកូលជាវត្តអស់មួយជីវិត ភិក្ខុណាត្រេកអរដោយគហបតីចីវរ ភិក្ខុនោះត្រូវទោស សូមឲ្យភិក្ខុទាំងឡាយ នៅទៀបគល់ឈើអស់មួយជីវិត ភិក្ខុណាចូលជ្រកទីប្រក់ទីបាំង ភិក្ខុនោះត្រូវទោស សូមកុំឲ្យភិក្ខុទាំងឡាយឆាន់ត្រីនិងសាច់អស់មួយជីវិត