ព្រះសម្ពុទ្ធដ៏មានព្រះភាគតិះដៀលថា នែមោឃបុរស មិនសមគួរសោះ។បេ។ មោឃបុរស ហេតុម្តេចហ្ន៎ បានជាអ្នកឯងខំព្យាយាមទំលាយសង្ឃ ទំលាយចក្រ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លា។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុណាមួយព្យាយាមដើម្បីទំលាយសង្ឃដ៏ព្រមព្រៀងគ្នា ឬប្រកាន់ផ្គងឡើងនូវអធិករណៈ ដែលដឹកនាំឲ្យសង្ឃបែកគ្នាហើយតាំងនៅ ភិក្ខុទាំងឡាយត្រូវពោល (ហាម) ភិក្ខុនោះដោយពាក្យយ៉ាងនេះថា លោកម្ចាស់កុំព្យាយាមដើម្បីបំបែកសង្ឃដែលព្រមព្រៀងគ្នាឡើយ ឬប្រកាន់ផ្គងឡើងនូវអធិករណៈ ដែលដឹកនាំឲ្យសង្ឃបែកគ្នាហើយតាំងនៅ សូមលោកម្ចាស់ព្រមព្រៀងជាមួយនឹងសង្ឃទៅ ព្រោះថា ព្រះសង្ឃព្រមព្រៀងគ្នា រីករាយរកគ្នា មិនវិវាទគ្នា មានឧទ្ទេសជាមួយគ្នា តែងនៅជាសុខសប្បាយ។ ភិក្ខុនោះ កាលភិក្ខុទាំងឡាយពោល (ហាម) យ៉ាងនេះហើយ នៅប្រកាន់លទ្ធិយ៉ាងនោះដដែល ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្ម (ពោលប្រដៅហាមប្រាម) ជាកំណត់បីដង ដើម្បីឲ្យលះបង់សង្ឃភេទកម្មនោះ។ កាលបើភិក្ខុទាំងឡាយ