ខណៈនោះ ពួកភិក្ខុទាំងនោះក្រាបទូលសេចក្តីនុ៎ះ ចំពោះព្រះដ៏មានព្រះភាគម្ចាស់។ ព្រោះហេតុនេះ ដំណើរនេះ ព្រះដ៏មានព្រះភាគម្ចាស់ ទ្រង់ឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរបញ្ជាក់ភិក្ខុទាំងឡាយក្នុងខណៈនោះថា នែភិក្ខុទាំងឡាយ ឮថា មានពួកភិក្ខុប្រព្រឹត្តតាមទេវទត្តភិក្ខុ ជាអ្នកព្យាយាមដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក ពិតមែនឬ។ ពួកភិក្ខុក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ ការនោះ ពិតមែន។ ព្រះពុទ្ធជាម្ចាស់មានឥស្សរិយយស ទ្រង់តិះដៀលថា ម្នាលភិក្ខុទាំងឡាយ អំពើដែលមោឃបុរសទាំងនោះបានធ្វើ មិនសមគួរទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ហេតុម្តេច ក៏ពួកមោឃបុរសទាំងនោះ ប្រព្រឹត្តតាមទេវទត្ត ជាអ្នកព្យាយាមដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក នែភិក្ខុទាំងឡាយ អំពើនេះមិននាំឲ្យជ្រះថ្លាដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុទាំងឡាយមួយរូបក្តី ពីររូបក្តី បីរូបក្តី ជាអ្នកប្រព្រឹត្តតាមភិក្ខុដែលបំបែកសង្ឃនោះឯង និងជាអ្នកពោលប្រកាន់ពួក ហើយពួកភិក្ខុទាំងនោះពោលហាម ភិក្ខុទាំងឡាយ (ដែលជាភិក្ខុបរិសុទ្ធ) យ៉ាងនេះថា ម្នាលលោកម្ចាស់ទាំងឡាយ លោកទាំងឡាយកុំពោលពាក្យបន្តិចបន្តួចនឹងភិក្ខុនេះ ព្រោះភិក្ខុនេះ ជាអ្នកពោលត្រូវតាមធម៌ផង