ភិក្ខុ​នេះ​មិនមែន​ជា​អ្នកពោល​ត្រូវ​តាម​ធម៌​ផង​ ​ភិក្ខុ​នេះ​មិនមែន​ជា​អ្នកពោល​ត្រូវ​តាម​វិន័យ​ផង​ ​សូម​លោកម្ចាស់​ទាំងឡាយ​ ​កុំ​គាប់ចិត្ត​នឹង​សង្ឃភេទ​ឡើយ​ ​សូម​លោកម្ចាស់​ទាំងឡាយ​ព្រមព្រៀង​ជាមួយនឹង​សង្ឃ​ទៅ​ ​ព្រោះ​សង្ឃ​ព្រមព្រៀង​គ្នា​ ​រីករាយ​រកគ្នា​ ​មិន​វិវាទគ្នា​ ​មាន​ឧទ្ទេស​ជាមួយគ្នា​ ​តែង​នៅជា​សុខសប្បាយ​។​ ​ភិក្ខុ​ទាំងឡាយ​ត្រូវ​ពោល​ជា​គំរប់​ពីរ​ដង​ផង​ ​ត្រូវ​ពោល​ជា​គំរប់​បីដង​ផង​។​ ​បើ​ពួក​ភិក្ខុ​ទាំងនោះ​ ​លះបង់​រឿង​នោះ​បាន​ ​ការ​លះបង់​បាន​យ៉ាងនេះ​ ​ជាការល្អ​ ​បើ​មិន​លះបង់​ទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​ ​ពួក​ភិក្ខុ​ឯទៀត​ឮ​ហើយ​ ​មិន​ពោល​ហាមប្រាម​ ​ត្រូវអាបត្តិ​ទុក្កដ​ដែរ​។​ ​ភិក្ខុ​ទាំងឡាយ​ ​ត្រូវ​នាំគ្នា​ចាប់​ទាញ​ភិក្ខុ​ទាំងនោះ​មកកាន់​កណ្តាល​ជំនុំ​សង្ឃ​ ​ហើយ​ពោល​ហាម​ថា​ ​នែ​លោកម្ចាស់​ទាំងឡាយ​ ​លោក​កុំ​ពោល​យ៉ាងហ្នឹង​ ​ភិក្ខុ​នេះ​មិនមែន​ជា​អ្នកពោល​ត្រូវ​តាម​ធម៌​ទេ​ ​ភិក្ខុ​នេះ​មិនមែន​ជា​អ្នកពោល​ត្រូវ​តាម​វិន័យ​ទេ​ ​សូម​លោកម្ចាស់​ទាំងឡាយ​ ​កុំ​គាប់ចិត្ត​នឹង​សង្ឃភេទ​ឡើយ​ ​សូម​លោកម្ចាស់​ទាំងឡាយ​ព្រមព្រៀង​ជាមួយនឹង​សង្ឃ​ទៅ​ ​ព្រោះ​សង្ឃ​ព្រមព្រៀង​គ្នា​ ​រីករាយ​រកគ្នា​ ​មិន​ទាស់ទែងគ្នា​ ​មាន​ឧទ្ទេស​ជាមួយគ្នា​ ​តែង​នៅជា​សុខសប្បាយ​។​ ​ភិក្ខុ​ទាំងឡាយ​គប្បី​ពោល​ហាម​ជា​គំរប់​ពីរ​ដង​ផង​ ​ជា​គំរប់​បីដង​ផង​។​ ​បើ​លោក​ទាំងនោះ​ ​លះបង់​រឿង​នោះ​បាន​ ​ការ​លះបង់​បាន​នេះ​ ​ជា​ការ​ឥត​ទោស​ ​បើ​លះបង់​មិនបានទេ​ ​ត្រូវអាបត្តិ​ទុក្កដ​។​
ថយ | ទំព័រទី ៣០៨ | បន្ទាប់