សូមលោកម្ចាស់អង្គនោះស្ងៀមនៅ មិនសមគួរដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះពោលឡើង។ ខ្ញុំពោលសេចក្តីនេះជាគំរប់ពីរដងផង។បេ។ ខ្ញុំពោលសេចក្តីនេះជាគំរប់បីដងផង។ បពិត្រព្រះសង្ឃដ៏ចំរើន សូមព្រះសង្ឃស្តាប់ពាក្យរបស់ខ្ញុំ ភិក្ខុមានឈ្មោះនេះផង ឈ្មោះនេះផង ជាអ្នកប្រព្រឹត្តតាមភិក្ខុមានឈ្មោះនេះ ជាអ្នកព្យាយាមដើម្បីបំបែកសង្ឃ ជាអ្នកពោលប្រកាន់ពួក។ ពួកភិក្ខុទាំងនោះ មិនលះបង់នូវរឿងនោះទេ។ ព្រះសង្ឃសូត្រសមនុភាសនកម្មហាមភិក្ខុមានឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យលះបង់នូវរឿងនោះ។ ការសូត្រសមនុភាសនកម្មហាមភិក្ខុមានឈ្មោះនេះផង ឈ្មោះនេះផង ដើម្បីឲ្យលះបង់នូវរឿងនោះ សមគួរដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះស្ងៀមនៅ មិនសមគួរដល់លោកម្ចាស់អង្គណា សូមលោកម្ចាស់អង្គនោះពោលឡើង។ ភិក្ខុមានឈ្មោះនេះផង ឈ្មោះនេះផង គឺព្រះសង្ឃបានសូត្រសមនុភាសនកម្មរួចហើយ ដើម្បីឲ្យលះបង់នូវរឿងនោះ។ (សមនុភាសនកម្មនោះ) សមគួរដល់សង្ឃ ហេតុនោះ ព្រះសង្ឃស្ងៀមនៅ។ ខ្ញុំសូមចាំទុកនូវរឿងនេះ ដោយកិរិយាស្ងៀមនៅយ៉ាងនេះ។