អ្នក​ទាំងឡាយ​គប្បី​សំដែង​ឡើង​នូវ​សិក្ខាបទ​នេះ​យ៉ាងនេះ​ថា​ ​ភិក្ខុ​មាន​ជាតិ​ដែលគេ​ប្រដៅ​ក្រ​ ​កាល​ភិក្ខុ​ទាំងឡាយ​ពោល​ប្រដៅ​ ​(​ខ្លួន​)​ ​ដោយ​ធម៌​ ​ក្នុង​សិក្ខាបទ​ទាំងឡាយ​ដែល​រាប់​ចូលក្នុង​ឧទ្ទេស​ ​(​បាតិមោក្ខ​)​ ​ធ្វើខ្លួន​ឲ្យ​គេ​ប្រដៅ​មិនបាន​ ​ដោយ​ពាក្យ​ថា​ ​លោកម្ចាស់​ទាំងឡាយ​ ​លោក​កុំ​និយាយ​ពាក្យ​បន្តិចបន្តួច​ ​ទោះ​ល្អ​ក្តី​ ​អាក្រក់​ក្តី​ ​នឹង​ខ្ញុំ​ឡើយ​ ​ចំណែកខ្ញុំ​ក៏​នឹង​មិន​ពោល​ពាក្យ​បន្តិចបន្តួច​ ​ទោះ​ល្អ​ក្តី​ ​អាក្រក់​ក្តី​ ​នឹង​លោកម្ចាស់​ទាំងឡាយ​ដែរ​ ​បពិត្រ​លោកម្ចាស់​ទាំងឡាយ​ ​ចូរ​លោក​លែងនិយាយ​ប្រដៅ​ខ្ញុំ​ទៅ​។​ ​ភិក្ខុ​នោះ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​ពោល​ ​(​ហាម​)​ ​យ៉ាងនេះ​ថា​ ​លោកម្ចាស់​កុំ​ធ្វើខ្លួន​ឲ្យ​គេ​ប្រដៅ​មិនបាន​ឡើយ​ ​លោកម្ចាស់​ត្រូវតែ​ធ្វើខ្លួន​ឲ្យ​គេ​ពោល​ប្រដៅ​បាន​ផង​ ​ចំណែក​លោកម្ចាស់​ ​ចូរ​ប្រដៅ​ភិក្ខុ​ទាំងឡាយ​ដោយ​សហធម៌​ ​(​ពុទ្ធប្បញ្ញត្តិ​)​ ​សូម្បី​ពួក​ភិក្ខុ​ក៏​ពោល​ប្រដៅ​លោកម្ចាស់​ដោយ​សហធម៌​ដែរ​ ​ព្រោះ​បរិសទ្យ​របស់​ព្រះ​ដ៏​មាន​ព្រះ​ភាគ​ម្ចាស់​នោះ​ ​តែង​ចំរើន​ឡើង​ដោយ​ពាក្យជា​ប្រយោជន៍​ដល់គ្នា​នឹងគ្នា​ ​និង​ដោយ​ញុំាង​គ្នានឹងគ្នា​ឲ្យ​ចេញ​ចាក​អាបត្តិ​យ៉ាងនេះ​។​ ​កាល​ភិក្ខុ​ទាំងឡាយ​ពោល​ប្រដៅ​ភិក្ខុ​នោះ​យ៉ាងនេះ​ ​(​ភិក្ខុ​នោះ​)​ ​ក៏​នៅ​ប្រកាន់​យ៉ាងហ្នឹង​ដដែល​ ​ភិក្ខុ​នោះ​ ​ត្រូវ​ភិក្ខុ​ទាំងឡាយ​សូ​ត្រ​សម​នុ​ភា​សន​កម្ម​ ​(​ហាម​)​ ​ជា​គំរប់​បីដង​ ​ដើម្បីឲ្យ​លះបង់​នូវ​កម្ម​នោះ​ ​
ថយ | ទំព័រទី ៣១៥ | បន្ទាប់