ឃើញភិក្ខុនោះហើយ និយាយយ៉ាងនេះថា លោកអ្វីនេះ ដូចជាសង្រួមហួស ដូចជាទន់ល្វន់ពេក ដូចជាមុខស្រពោនពេក អ្នកណាគេនឹងឲ្យដុំបាយដល់លោកនេះដែលចូលទៅរក (គេនោះ) ចំណែកអស្សជិភិក្ខុ និងបុនព្វសុកភិក្ខុជាម្ចាស់យើងពោលពាក្យផ្អែម ពោលពាក្យពីរោះ ពោលពាក្យជាសុខ មានញញឹមញញែមជាមុន តែងនិយាយថា អ្នកចូរមក អ្នកមកល្អហើយ មានមុខមិនស្រពោន មានមុខងើប តែងនិយាយមុន យើងគួរប្រគេនដុំបាយដល់លោកម្ចាស់អស់នោះ។ ឧបាសកមួយនាក់បានឃើញភិក្ខុនោះត្រាច់ទៅក្នុងកិដាគិរិជនបទ ដើម្បីបិណ្ឌបាត លុះឃើញហើយ ក៏ចូលទៅរកភិក្ខុនោះ ថ្វាយបង្គំហើយនិយាយពាក្យនេះថា មេត្តាប្រោស លោកម្ចាស់បានអាហារបិណ្ឌបាតខ្លះដែរឬ។ ភិក្ខុនោះប្រាប់ថា ម្នាលអាវុសោ អាហារបិណ្ឌបាតមិនទាន់បានទេ។ ឧបាសកនោះនិយាយថា លោកម្ចាស់សូមនិមន្តមក យើងនឹងទៅផ្ទះ។ ទើបឧបាសកនោះ នាំភិក្ខុនោះទៅផ្ទះ ឲ្យឆាន់ហើយ និយាយពាក្យនេះថា លោកម្ចាស់នឹងនិមន្តទៅក្នុងទីណា។ ភិក្ខុនោះប្រាប់ថា ម្នាលអាវុសោ អាត្មានឹងទៅកាន់ក្រុងសាវត្ថី ដើម្បីគាល់ព្រះដ៏មានព្រះភាគ។ ឧបាសកនោះពោលថា បើដូច្នោះ សូមលោកម្ចាស់ថ្វាយបង្គំព្រះបាទនៃព្រះដ៏មានព្រះភាគដោយត្បូងតាមពាក្យនៃខ្ញុំ ម្យ៉ាងទៀត សូមលោកម្ចាស់ក្រាបទូលយ៉ាងនេះថា