។បេ។ ភិក្ខុទាំងនោះសឹកទៅខ្លះ ម្នាលភិក្ខុទាំងឡាយ អំពើរបស់មោឃបុរសទាំងឡាយនេះ មិននាំឲ្យកើតសេចក្តីជ្រះថ្លា ដល់ជនទាំងឡាយដែលមិនទាន់ជ្រះថ្លាហើយផង។បេ។ ម្នាលភិក្ខុទាំងឡាយ អ្នកទាំងឡាយគប្បីសំដែងឡើងនូវសិក្ខាបទនេះយ៉ាងនេះថា ភិក្ខុចូលទៅជិតអាស្រ័យស្រុក ឬនិគម កន្លែងណាមួយ ហើយនៅ ជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តិអាក្រក់។ សេចក្តីប្រព្រឹត្តិអាក្រក់របស់ភិក្ខុនោះឯង ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយដែលភិក្ខុនោះទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង។ ភិក្ខុនោះ គឺភិក្ខុទាំងឡាយត្រូវនិយាយស្តីឲ្យយ៉ាងនេះថា លោកដ៏មានអាយុជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយដែលលោកដ៏មានអាយុទ្រុស្តហើយនោះ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញពីអាវាសនេះទៅ លោកមិនគួរនៅក្នុងទីនេះទេ។ ភិក្ខុនោះ ដែលភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះ ត្រឡប់ថាឲ្យភិក្ខុទាំងឡាយនោះយ៉ាងនេះវិញថា ភិក្ខុទាំងឡាយលុះក្នុងសេចក្តីស្រឡាញ់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីខឹងផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីល្ងង់ផង ភិក្ខុទាំងឡាយលុះក្នុងសេចក្តីខ្លាចផង