(ព្រោះ) ភិក្ខុទាំងឡាយនោះ បណ្តេញភិក្ខុពួកខ្លះ មិនបណ្តេញភិក្ខុពួកខ្លះដោយអាបត្តិដូចគ្នាទេ។ ភិក្ខុនោះ ភិក្ខុទាំងឡាយត្រូវនិយាយប្រដៅយ៉ាងនេះថា លោកដ៏មានអាយុចូរកុំនិយាយយ៉ាងនេះ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីស្រឡាញ់ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីស្អប់ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីល្ងង់ ភិក្ខុទាំងឡាយមិនលុះក្នុងសេចក្តីខ្លាច លោកដ៏មានអាយុឯង ជាអ្នកទ្រុស្តត្រកូល មានសេចក្តីប្រព្រឹត្តិអាក្រក់ សេចក្តីប្រព្រឹត្តិអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយសោត ដែលលោកដ៏មានអាយុទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញចាកអាវាសនេះទៅ លោកកុំនៅក្នុងអាវាសនេះ។ ភិក្ខុនោះ ដែលភិក្ខុទាំងឡាយនិយាយប្រដៅយ៉ាងនេះ នៅតែប្រកាន់លទ្ធិយ៉ាងនេះដដែល ភិក្ខុនោះ ត្រូវភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មប្រកាសហាម ដើម្បីឲ្យលះបង់អំពើអាក្រក់នោះកំណត់បីដង។ ភិក្ខុនោះ បើភិក្ខុទាំងឡាយសូត្រសមនុភាសនកម្មកំណត់បីដង លះអំពើអាក្រក់នោះបាន សេចក្តីលះបង់បាននេះ ជាការល្អ បើមិនលះបង់ទេ ត្រូវអាបត្តិសង្ឃាទិសេស។