[៣២៥] ពាក្យថា ភិក្ខុនោះ គឺភិក្ខុដែលបានធ្វើកម្មនោះ។ ពាក្យថា គឺភិក្ខុទាំងឡាយ បានដល់ភិក្ខុទាំងឡាយឯទៀត។ ភិក្ខុណាឃើញ ភិក្ខុណាឮ ភិក្ខុទាំងឡាយនោះត្រូវនិយាយប្រដៅថា លោកដ៏មានអាយុ ចូរកុំនិយាយយ៉ាងនេះ ភិក្ខុទាំងឡាយមិនលុះក្នុងឆន្ទាគតិ ភិក្ខុទាំងឡាយមិនលុះក្នុងទោសាគតិ ភិក្ខុទាំងឡាយមិនលុះក្នុងមោហាគតិ ភិក្ខុទាំងឡាយមិនលុះក្នុងភយាគតិ លោកដ៏មានអាយុ ជាអ្នកទ្រុស្តត្រកូល ជាអ្នកប្រព្រឹត្តអាក្រក់ សេចក្តីប្រព្រឹត្តិអាក្រក់របស់លោកដ៏មានអាយុ ប្រាកដជាគេឃើញផង គេឮផង ត្រកូលទាំងឡាយសោត ដែលលោកដ៏មានអាយុទ្រុស្តហើយ ប្រាកដជាគេឃើញផង គេឮផង លោកដ៏មានអាយុចូរចៀសចេញពីអាវាសនេះទៅ លោកមិនគួរនៅក្នុងអាវាសនេះទេ។ ភិក្ខុទ្រុស្តត្រកូលនោះ ត្រូវភិក្ខុទាំងឡាយនិយាយប្រដៅអស់វារៈជាគំរប់ពីរដងផង ត្រូវនិយាយប្រដៅអស់វារៈជាគំរប់បីដងផង។ បើភិក្ខុនោះលះបង់(កម្មនោះ) បាន ការលះបាននេះ ជាការល្អ បើភិក្ខុនោះមិនលះបង់ទេ ភិក្ខុនោះត្រូវអាបត្តិទុក្កដ។ ពួកភិក្ខុឮហើយ មិននិយាយប្រដៅ ត្រូវអាបត្តិទុក្កដ។ ភិក្ខុ (ទ្រុស្តត្រកូល) នោះ គឺភិក្ខុទាំងឡាយត្រូវទាញមកកាន់ទីកណ្តាលសង្ឃ ហើយនិយាយប្រដៅថា លោកដ៏មានអាយុ កុំពោលពាក្យយ៉ាងនេះ ភិក្ខុទាំងឡាយមិនមែនលុះក្នុងឆន្ទាគតិទេ