[៣៤៦] ពាក្យថា ភិក្ខុណាមួយ មានអធិប្បាយរួចហើយក្នុងបារាជិកកណ្ឌសិក្ខាបទទី១។ ពាក្យថា លើអាសនៈមានសភាពយ៉ាងនោះ គឺលើអាសនៈបែបយ៉ាងនោះ។ មនុស្សស្រី ហៅថា មាតុគ្រាម ឯយក្សស្រី ប្រេតស្រី សត្វតិរច្ឆានញី មិនហៅថាមាតុគ្រាមទេ គឺស្រីដែលដឹងក្តី អង់អាចយល់ពាក្យជាសុភាសិត និងទុព្ភាសិត ពាក្យអាក្រក់ និងពាក្យល្អបាន ហៅថា មាតុគ្រាមក្នុងទីនេះ។ ពាក្យថា ជាមួយគ្នា គឺក្នុងទីជាមួយគ្នា។ ពាក្យថា តែម្នាក់និងម្នាក់ គឺមានតែភិក្ខុ និងមាតុគ្រាមប៉ុណ្ណោះ។ ទីកំបាំងភ្នែក ទីស្ងាត់ត្រចៀក ឈ្មោះថា ទីកំបាំង។ បុគ្គលមិនអាចនឹងឃើញជនទាំងឡាយ កាលមិចភ្នែកក្តី ញាក់ចិញ្ចើមក្តី ងក់ក្បាលក្តី ក្នុងទីណា ទីនោះហៅថា កំបាំងភ្នែក។ ទីដែលបុគ្គលមិនអាចឮសំដីជាប្រក្រតីបាន ហៅថាទីស្ងាត់ត្រចៀក។ ពាក្យថា ទៅអង្គុយ គឺកាលបើមាតុគ្រាមអង្គុយ ភិក្ខុអង្គុយជិតក្តី ដេកជិតក្តី ឬថា កាលបើភិក្ខុអង្គុយ មាតុគ្រាមអង្គុយជិតក្តី ដេកជិតក្តី ឬថាអង្គុយទាំងពីរនាក់ក្តី ដេកអ្នកទាំងពីរនាក់ក្តី។