មិនសមបីបើនឹងហ៊ានដល់ស្ទាបអង្អែលកាយមាតុគ្រាមសោះ។ ទើបភិក្ខុអម្បាលនោះក្រាបទូលដំណើរនុ៎ះ ចំពោះព្រះដ៏មានព្រះភាគ។ ព្រោះហេតុដំណើរនុ៎ះ ទើបព្រះដ៏មានព្រះភាគឲ្យប្រជុំភិក្ខុសង្ឃ ហើយត្រាស់សួរចំពោះឧទាយិភិក្ខុដ៏មានអាយុថា ម្នាលឧទាយិ ឮថាអ្នកឯងស្ទាបអង្អែលកាយមាតុគ្រាមមែនឬ។ ឧទាយិក្រាបទូលថា បពិត្រព្រះដ៏មានព្រះភាគ (ដំណើរនុ៎ះ) ពិតមែន។ ព្រះពុទ្ធដ៏មានជោគ ទ្រង់ត្មះតិះដៀលថា ម្នាលមោឃបុរស អំពើដែលអ្នកឯងធ្វើ មិនសមគួរ មិនត្រូវទំនង មិនត្រូវបែប មិនជារបស់សមណ មិនគប្បីសោះ មិនគួរធ្វើសោះ នែមោឃបុរស មិនគួរបើអ្នកឯងនឹងហ៊ានដល់ស្ទាបអង្អែលកាយមាតុគ្រាមសោះ នែមោឃបុរស ធម៌ដែលតថាគតសំដែងហើយដោយបរិយាយដ៏ច្រើន (សុទ្ធតែ) ដើម្បីប្រាសចាកតម្រេក មិនមែនដើម្បីប្រកបដោយតម្រេកឡើយ មិនមែនឬ។បេ។ ដំណើរស្ងប់រម្ងាប់នៃសេចក្តីក្តៅក្រហាយព្រោះកាមទាំងឡាយ តថាគតក៏បានសំដែងហើយ នែមោឃបុរស អំពើដែលអ្នកឯងធ្វើនេះ មិនមែននាំឲ្យកើតសេចក្តីជ្រះថ្លាដល់ជនដែលមិនទាន់ជ្រះថ្លាទេ។បេ។ ម្នាលភិក្ខុទាំងឡាយ ក៏អ្នកទាំងឡាយត្រូវសំដែងសិក្ខាបទនេះឡើងយ៉ាងនេះថា ភិក្ខុណាមួយគឺកាមរាគគ្របសង្កត់ហើយ មានចិត្តប្រែប្រួលហើយ ដល់ព្រមនូវកាយសំសគ្គមួយអន្លើដោយមាតុគ្រាម