[៨៤] ស្រីជាប្រាកដ ភិក្ខុសំគាល់ថាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីនោះសោត ក៏ស្ទាបអង្អែល ស្ទាបចុះ ស្ទាបឡើង ផ្ងុបចុះ ផ្ងើយឡើង ទាញមក ទាញត្រឡប់ ចាប់សង្កត់ ចាប់ឈ្លេច កាន់ ពាល់ នូវកាយរបស់ភិក្ខុនោះដោយកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នានឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិសង្ឃាទិសេស។ ស្រីពីរនាក់ ភិក្ខុសំគាល់ស្រីទាំងពីរថាជាស្រីពិតមែន ក៏មានសេចក្តីត្រេកអរ ស្រីទាំងនោះសោត ក៏ស្ទាបអង្អែល ស្ទាបចុះ ស្ទាបឡើង ផ្ងុបចុះ ផ្ងើយឡើង ទាញមក ទាញត្រឡប់ ចាប់សង្កត់ ចាប់ឈ្លេច កាន់ ពាល់ នូវកាយរបស់ភិក្ខុនោះដោយកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិសង្ឃាទិសេសពីរ។ ស្រីម្នាក់ ខ្ទើយម្នាក់ ភិក្ខុសំគាល់ជនទាំងពីរនាក់ថាជាស្រី ក៏មានសេចក្តីត្រេកអរ ជនទាំងពីរនាក់សោត ក៏ស្ទាបអង្អែល។បេ។ កាន់ ពាល់ កាយរបស់ភិក្ខុនោះដោយកាយ (របស់ខ្លួន) ភិក្ខុមានសេចក្តីប្រាថ្នាដើម្បីនឹងសេព ក៏ព្យាយាមដោយកាយ ដឹងច្បាស់នូវផស្ស ត្រូវអាបត្តិសង្ឃាទិសេសនិងទុក្កដ។