សម័យនោះឯង ភិក្ខុមួយរូប ចាប់ត្រូវកាយមនុស្សខ្ទើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង ភិក្ខុមួយរូប ចាប់ត្រូវកាយស្រីដែលកំពុងដេកលក់។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ អ្នកឯងត្រូវអាបត្តិសង្ឃាទិសេសហើយ។ សម័យនោះឯង ភិក្ខុមួយរូប ចាប់ត្រូវកាយស្រីដែលស្លាប់ហើយ។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិថុល្លច្ច័យ។ សម័យនោះឯង ភិក្ខុមួយរូប ចាប់ត្រូវកាយសត្វតិរច្ឆានញី។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ព្រះអង្គត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។ សម័យនោះឯង ភិក្ខុមួយរូប ចាប់ត្រូវរូបឈើធ្វើជារូបស្រី។ ភិក្ខុនោះមានសេចក្តីសង្ស័យ។បេ។ ទ្រង់ត្រាស់ថា ម្នាលភិក្ខុ មិនត្រូវអាបត្តិសង្ឃាទិសេសទេ ត្រូវតែត្រឹមអាបត្តិទុក្កដ។