បុគ្គលដឹងថារបស់ណាជាទីស្រឡាញ់របស់គេ មិនគួរសូមរបស់នោះអំពីគេ បុគ្គលជាទីស្អប់ខ្ពើមរបស់គេ ក៏ព្រោះសូមហួសពេក នាគដែលព្រាហ្មណ៍សូមកែវមណីហើយ លែងត្រឡប់មកកាន់ទីនោះឲ្យឃើញទៀត។
ម្នាលភិក្ខុទាំងឡាយ អម្បាលយ៉ាងពួកសត្វតិរច្ឆានទាំងនោះ ក៏មិនពេញចិត្តនឹងការសូម មិនពេញចិត្តនឹងការរៃអង្គាស នឹងបាច់ពោលថ្វីដល់មនុស្ស។
[១៩៨] (រឿងទី២ថា ) ម្នាលភិក្ខុទាំងឡាយ រឿងដែលមានអំពីអតីតកាល មានភិក្ខុមួយរូប សម្រេចឥរិយាបថនៅក្នុងដងព្រៃមួយ នាខាងភ្នំហិមវន្ត។ ម្នាលភិក្ខុទាំងឡាយ ក្នុងទីជិតដងព្រៃនោះឯង មានបឹងមួយជាទំនាបធំ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង មានហ្វូងសត្វស្លាបជាច្រើន វេលាថ្ងៃត្រាច់រកអាហារព្ធដ៏បឹងដែលនៅជិតដងព្រៃនោះ ដល់វេលាល្ងាច នាំគ្នាមកអាស្រ័យនៅនាដងព្រៃនោះ។ ម្នាលភិក្ខុទាំងឡាយ គ្រានោះឯង ភិក្ខុនោះធុញទ្រាន់ អផ្សុកដោយសំឡេងនៃហ្វូងសត្វស្លាបនោះ ក៏ចូលមករកតថាគត លុះចូលមកដល់ហើយ ថ្វាយបង្គំតថាគត