សង្ឃាទិសេសទី៧
[២២១] សម័យនោះ ព្រះសព្វញ្ញុពុទ្ធជាម្ចាស់ដ៏មានព្រះភាគ ទ្រង់គង់នៅក្នុងឃោសិតារាម(១) ទៀបក្រុងកោសម្ពី។ សម័យនោះឯង មានគហបតីជាឧបដ្ឋាកឆន្នភិក្ខុដ៏មានអាយុ បាននិយាយពាក្យនេះនឹងឆន្នភិក្ខុដ៏មានអាយុថា បពិត្រលោកដ៏ចំរើន សូមលោកម្ចាស់ជ្រាបទីសម្រាប់សង់វិហារ(២) ខ្ញុំព្រះករុណានឹងឲ្យមនុស្សធ្វើវិហារប្រគេនលោកម្ចាស់។ ឆន្នភិក្ខុដ៏មានអាយុ កាលដែលជម្រះទីសម្រាប់សង់វិហារ ក៏ឲ្យមនុស្សកាប់ឈើមួយដើម ដែលគេសន្មតជាចេតិយ ជាឈើដែលអ្នកស្រុក អ្នកនិគម អ្នកក្រុង អ្នកជនបទ អ្នកដែន ធ្លាប់គោរពបូជា។ មនុស្សទាំងឡាយពោលទោស និន្ទា តិះដៀលថា ចុះហេតុអ្វី បានជាសមណទាំងឡាយ ជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រ ឲ្យមនុស្សកាប់ឈើ ដែលគេសន្មតជាចេតិយ ជាឈើដែលអ្នកស្រុក អ្នកនិគម អ្នកក្រុង អ្នកជនបទ អ្នកដែន ធ្លាប់គោរពបូជា សមណទាំងឡាយ ជាកូនចៅព្រះពុទ្ធ ជាសក្យបុត្រ បៀតបៀនដើមឈើរស់ដែលមានឥន្ទ្រីយតែមួយ។ ពួកភិក្ខុបានឮពាក្យមនុស្សទាំងឡាយនោះ ពោលទោស និន្ទា តិះដៀល (ដូច្នោះ)
(១) បានជាហៅថា ឃោសិតារាម ព្រោះអារាមនេះ ឃោសិតសេដ្ឋីសង់ថ្វាយព្រះបរមគ្រូ ។ (២) គឺទីសេនាសនសម្រាប់នៅរបស់ខ្លួន ដែលមានទាយកជាម្ចាស់របស់ គេធ្វើឲ្យ ។