សង្ឃាទិសេស​ទី៩​


 [​២៦៤​]​ ​សម័យ​នោះ​ ​ព្រះពុទ្ធ​ដ៏​មានជោគ​ជា​ម្ចាស់​ ​ទ្រង់​គង់នៅ​ក្នុង​អារាម​វេឡុ​វន​(​១​)​ ​ជា​កលន្ទក​និវាប​ស្ថាន​ ​ក្បែរ​ក្រុង​រាជគ្រឹះ​។​ ​សម័យ​នោះ​ឯង​ ​មេ​ត្តិ​យ​ភិក្ខុ​ ​និង​ភុម្ម​ជ​ក​ភិក្ខុ​ទាំងឡាយ​ ​កាល​នាំគ្នា​ចុះ​អំពី​ភ្នំ​គិជ្ឈកូដ​ ​បានឃើញ​ពពែ​ឈ្មោល​កំពុង​រួម​សន្ថវៈ​នឹង​ពពែ​ញី​ ​លុះ​ឃើញ​ហើយ​ ​ទើប​និយាយ​គ្នា​យ៉ាងនេះ​ថា​ ​អើ​អាវុសោ​ ​ពួក​យើង​នឹង​សន្មត​ពពែ​ឈ្មោល​នេះ​ឲ្យ​ជា​ឈ្មោះ​ទព្វ​មល្ល​បុត្ត​ ​(​បុត្ត​មល្ល​ក្សត្រ​)​ ​សន្មត​ពពែ​ញី​នេះ​ឲ្យ​ជា​ឈ្មោះ​នាង​មេត្តិ​យា​ភិក្ខុនី​ ​យើង​នឹង​នាំគ្នា​ហៅ​យ៉ាងនេះ​ ​ម្នាល​អាវុសោ​ ​កាល​អំពី​ដើម​ ​យើង​បាន​ចោទ​ទព្វ​មល្ល​បុត្ត​ដោយ​ពាក្យ​ថា​ ​យើង​បានឮ​ ​ប៉ុន្តែ​ឥឡូវនេះ​ ​ទព្វ​មល្ល​បុត្ត​សេព​មេថុនធម្ម​នឹង​នាង​មេត្តិ​យា​ភិក្ខុនី​ ​យើង​បានឃើញ​ដោយខ្លួនឯង​។​ ​
​(​១​)​ ​អារាម​វេឡុ​វន​ ​ប្រែ​តាម​សព្ទ​ថា​ ​វត្ត​ព្រៃ​ឫស្សី​ ​កន្លែង​នេះ​ពីដើម​ជា​ឱទ្យាន​ព្រះរាជទ្រព្យ​ព្រះបាទ​ពិម្ពិសារ​ ​ៗ​ទ្រង់​វេរ​ថ្វាយ​ដល់​ព្រះពុទ្ធ​ជា​ម្ចាស់​កាល​យាង​ចូល​ទៅកាន់​ក្រុង​រាជគ្រឹះ​ជា​ដម្បូង​ ​ដើម្បី​ទ្រង់​សំដែង​ព្រះធម៌ទេសនា​ ​ព្រះបាទ​ពិម្ពិសារ​បាន​ដល់​សោតាបត្តិផល​ ​មានព្រះហឫទ័យ​ជឿជាក់​ក្នុង​ព្រះពុទ្ធ​សាសនា​ ​ហើយក៏​វេរ​ឱទ្យាន​ឈ្មោះ​វេឡុ​វន​នោះ​ថ្វាយ​ជា​ព្រះ​អារាម​សម្រាប់​សង្ឃ​ ​មាន​ព្រះពុទ្ធ​ជា​ប្រធាន​ ​ជា​អា​រាម​ដម្បូង​មុន​អារាម​ទាំងអស់​។​ ​ដែល​ហៅថា​ ​កលន្ទក​និវាប​ស្ថាន​ ​ព្រោះ​កន្លែង​នោះ​ឯង​ ​មនុស្ស​ទាំងឡាយ​ធ្លាប់​ឲ្យ​អាហារ​ចំណី​ដល់​ពួក​សត្វ​កង្ហែន​ ​មានរឿង​ដំណាល​ក្នុង​អដ្ឋកថា​វិន័យ​ថា​ ​ពីដើម​មក​មាន​ស្តេច​មួយ​ព្រះអង្គ​ចេញទៅ​ប្រពាត​ឱទ្យាន​នោះ​ ​ទ្រង់​សោយ​សុរា​ស្រ​វឹង​ផ្ទុំ​លក់​ទៅ​។​ ​ឯ​រាជបរិវារ​ក៏​នាំគ្នា​ទៅ​បេះ​ផ្លែឈើ​ ​ផ្កាឈើ​ ​កំសាន្ត​តាម​អធ្យាស្រ័យ​។​ ​មាន​ពស់វែក​ ​វា​ធុំក្លិនសុរា​ ​ក៏​លូន​ចេញ​មក​ពី​រន្ធ​ឈើ​ ​ហើយ​បែរមុខ​ទៅ​ចំពោះ​ស្តេច​។​ ​មាន​រុក្ខទេវតា​ ​នៅៗ​ទី​ជិត​នោះ​ ​ឃើញ​ហេតុ​ដូច្នោះ​ ​ចង់​ជួយ​ឲ្យ​ស្តេច​រួច​អំពី​មរណ​ ​ទើប​និមិត្ត​ជា​សត្វ​កង្ហែន​ទៅ​ស្រែក​ខាង​ព្រះកាណ៌​ស្តេច​ ​ៗ​តើន​ឡើង​ ​ទ្រង់​ឃើញ​សត្វ​ទាំងពីរ​ ​ទ្រង់​ត្រិះរិះ​ថា​ ​សត្វ​កង្ហែន​ឲ្យ​ជីវិត​ព្រះអង្គ​ ​តាំងពី​នោះ​មក​ ​បាន​ទ្រង់ប្រទាន​អភ័យ​ ​ប្រទាន​អាហារ​ចំណី​ដល់​សត្វ​កង្ហែន​ទួទៅ​ ​ទើប​មនុស្ស​ទាំងឡាយ​ហៅ​កន្លែង​នោះ​ថា​ ​កលន្ទក​និវាប​ស្ថាន​ ​រៀងមក​ ​។​
ថយ | ទំព័រទី ២៧១ | បន្ទាប់