អធិករណៈយ៉ាងនេះ ក៏ឈ្មោះថាចំណែកដទៃនៃអាបត្តាធិករណៈ និងលេសសោត ភិក្ខុអ្នកចោទក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។ ភិក្ខុត្រូវអាបត្តិបាចិត្តិយ។បេ។ ភិក្ខុត្រូវអាបត្តិបាដិទេសនីយ។បេ។ ភិក្ខុត្រូវអាបត្តិទុក្កដ។បេ។ ភិក្ខុត្រូវអាបត្តិទុព្ភាសិត ភិក្ខុអ្នកចោទ ក៏បានឃើញ និងមានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិទុព្ភាសិត។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិសង្ឃាទិសេស។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិថុល្លច្ច័យ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិបាចិត្តិយ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិបាដិទេសនីយ។បេ។ មានសេចក្តីយល់ក្នុងអាបត្តិទុព្ភាសិតថាជាអាបត្តិទុក្កដទៅវិញ បើក្លែងចោទភិក្ខុនោះដោយអាបត្តិបារាជិកថា អ្នកឯងមិនមែនជាសមណៈទេ។បេ។ សូម្បីអធិករណៈយ៉ាងនេះ ក៏ឈ្មោះថាចំណែកដទៃនៃអាបត្តាធិករណៈ ទាំងលេសសោត ភិក្ខុនោះក៏នៅប្រកាន់ ដូច្នេះ ត្រូវអាបត្តិសង្ឃាទិសេសគ្រប់ៗវាចា។
បណ្ឌិតគប្បីធ្វើអធិករណៈនោះៗ ឲ្យមានមូលមួយៗ ហើយចងជាចក្ក (ដូចគ្នា)។