សង្ឃាទិសេសទី១៣
[៣១៤] សម័យនោះ ព្រះពុទ្ធជាម្ចាស់ដ៏មានបុញ្ញសិរី គង់នៅក្នុងវត្តជេតពន ជារបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី។ សម័យនោះឯង ភិក្ខុពីររូបឈ្មោះអស្សជិ និងបុនព្វសុក ជាអ្នកនៅក្នុងអាវាសទៀបកិដាគិរិជនបទ ជាភិក្ខុលាមកឥតខ្មាស។ អស្សជិភិក្ខុ និងបុនព្វសុកភិក្ខុនោះ ប្រព្រឹត្តអនាចារ មានសភាពយ៉ាងនេះគឺ ដាំកូនឈើផ្កាដោយខ្លួនឯងខ្លះ ប្រើគេឲ្យដាំខ្លះ ស្រោចខ្លួនឯងខ្លះ ប្រើគេឲ្យស្រោចខ្លះ បេះខ្លួនឯងខ្លះ ប្រើគេឲ្យបេះខ្លះ ក្រងខ្លួនឯងខ្លះ ប្រើគេឲ្យក្រងខ្លះ ធ្វើផ្កាកម្រងមានទងតែម្ខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងមានទងទាំងពីរខាងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើចាក់រំលេចទង(១) ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាឈើដែលដោតជាចង្កោម(២) ខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ក្បាលខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ត្រចៀកខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ ធ្វើផ្កាកម្រងសម្រាប់ប្រដាប់ទ្រូងខ្លួនឯងខ្លះ ប្រើគេឲ្យធ្វើខ្លះ។
(១) តាមក្នុងអដ្ឋកថា គួរប្រែថា ក្បាច់ក្បូរផ្កាដែលគេធ្វើឲ្យដូចជាវល្ល៍ដែលមានផ្កា ។ (២) ក្នុងអដ្ឋកថា ថា ផ្កាកម្រងដែលគេដោតដោយម្ជុល ឬកន្លះ ។