ចូរលោកទាញយកពាក្យឧបមា មកសំដែងចុះ។ ព្រះមហាមោគ្គល្លានមានអាយុ មានថេរវាចាតទៅថា ម្នាលអាវុសោ សម័យមួយ ខ្ញុំនៅក្នុងក្រុងរាជគ្រឹះ ដែលមានភ្នំព័ទ្ធជុំវិញដូចក្រោល។ ម្នាលអាវុសោ កាលនោះ ខ្ញុំស្លៀកស្បង់ ប្រដាប់ដោយបាត្រ និងចីវរ ចូលទៅក្រុងរាជគ្រឹះ ដើម្បីបិណ្ឌបាត ក្នុងបុព្វណ្ហសម័យ។ សម័យនោះឯង សមីតិមាណព ជាកូនជាងរថ កំពុងចាំងខ្នងកង់រថ។ ទើបអាជីវក (ម្នាក់) ឈ្មោះ បណ្ឌុបុត្រ ជាកូនជាងរថជាន់ចាស់ ចូលមកឈរជិតសមីតិមាណពនោះដែរ។ ម្នាលអាវុសោ លំដាប់នោះ អាជីវកឈ្មោះបណ្ឌុបុត្រ ជាកូនជាងរថជាន់ចាស់ មានសេចក្តីត្រិះរិះ ក្នុងចិត្តកើតឡើង យ៉ាងនេះថា ឱហ្ន៎ សមីតិមាណព ជាកូនជាងរថនេះ ចាំងឈើកោងនេះផង ឈើវៀចនេះផង ឈើប្រកបដោយទោស(១) នេះផង ដើម្បីធ្វើខ្នងកង់នេះ ខ្នងកង់នេះឯង ត្រឡប់ទៅជាខ្នងកង់មិនកោង មិនវៀច មិនប្រកបដោយទោស ជាខ្នងកង់ដ៏បរិសុទ្ធ នៅសុទ្ធតែខ្លឹម។ ម្នាលអាវុសោ អាជីវកឈ្មោះបណ្ឌុបុត្រ ជាកូនជាងរថជាន់ចាស់ មានសេចក្តីត្រិះរិះក្នុងចិត្តយ៉ាងណាៗ
(១) ឈើដែលជាប់ស្រាយ និងមានពក រដិបរដុប មិនស្មើជាដើម។