ទាំងឡាយនេះ ប្រកបដោយកាយទុច្ចរិត ប្រកបដោយវចីទុច្ចរិត ប្រកបដោយមនោទុច្ចរិត ជាសត្វតិះដៀលនូវពួកព្រះអរិយៈ ជាមិច្ឆាទិដ្ឋិ ប្រកាន់នូវកម្មជាមិច្ឆាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ទៅកាន់កំណើតតិរច្ឆាន ប្រេត អសុរកាយ នរក អើហ្ន៎ ចំណែកខាងសត្វទាំងនេះ ប្រកបដោយកាយសុចរិត ប្រកបដោយវចីសុចរិត ប្រកបដោយមនោសុចរិត ជាសត្វមិនតិះដៀលពួកព្រះអរិយៈ ជាសម្មាទិដ្ឋិ ប្រកាន់នូវកម្មជាសម្មាទិដ្ឋិ សត្វទាំងនោះ លុះបែកធ្លាយរាងកាយ បន្ទាប់អំពីសេចក្តីស្លាប់ទៅ ក៏ទៅកាន់មនុស្សសុគតិ និងឋានសួគ៌ទេវលោក អាត្មាអញ សូមឲ្យមានទិព្វចក្ខុ ដ៏បរិសុទ្ធ កន្លងហួសចក្ខុ របស់មនុស្សធម្មតា ឃើញនូវសត្វទាំងឡាយ ដែលច្យុត ដែលកើត ថោកទាប ខ្ពង់ខ្ពស់ មានសម្បុរល្អ មានសម្បុរអាក្រក់ មានគតិល្អ មានគតិអាក្រក់ (មួយទៀត) អាត្មាអញ សូមឲ្យដឹងច្បាស់នូវសត្វទាំងឡាយ ដែលប្រព្រឹត្តទៅតាមកម្មរបស់ខ្លួន ដោយប្រការយ៉ាងនេះ ដូច្នេះ គួរធ្វើសីលឲ្យបរិបូណ៌ ប្រកបរឿយៗ ក្នុងការរម្ងាប់នូវចិត្តឰដ៏ខាងក្នុង មានឈានមិនបានសាបសូន្យ ប្រកបដោយវិបស្សនា ចំរើននូវសុញ្ញាគារស្ថាន។