ខ្ញុំព្រះអង្គ សូមដល់នូវព្រះគោតមដ៏ចំរើនផង ព្រះធម៌ផង ព្រះសង្ឃផង ជាទីពឹង ទីរលឹក ខ្ញុំព្រះអង្គ សូមបានបព្វជ្ជា សូមបាននូវឧបសម្បទា ក្នុងសំណាក់នៃព្រះគោតមដ៏ចំរើន។ សុន្ទរិកភារទ្វាជព្រាហ្មណ៍ ក៏បានបព្វជ្ជា បានឧបសម្បទា ក្នុងសំណាក់នៃព្រះមានព្រះភាគ។ ភារទ្វាជភិក្ខុដ៏មានអាយុ ដែលបានឧបសម្បទា មិនទាន់អស់កាលយូរប៉ុន្មាន ជាភិក្ខុម្នាក់ឯង ចៀសចេញ (ចាកពួក) ជាអ្នកមិនប្រមាទ មានព្យាយាមដុតបំផ្លាញកិលេស មានចិត្តស្លុងទៅកាន់ (ព្រះនិព្វាន) ពួកកុលបុត្រ ដែលចេញចាកផ្ទះ ហើយចូលទៅកាន់ផ្នួស ដោយប្រពៃ ដើម្បីប្រយោជន៍ ដល់អនុត្តរធម៌ណា (ភារទ្វាជភិក្ខុ) ក៏បានធ្វើឲ្យជាក់ច្បាស់ នូវអនុត្តរធម៌នោះ ជាទីបំផុតនៃមគ្គព្រហ្មចារ្យ ដោយប្រាជ្ញារបស់ខ្លួន ដោយខ្លួនឯង ក្នុងបច្ចុប្បន្ននេះ បានសម្រេចសម្រាន្តនៅ ដោយឥរិយាបថទាំង៤ មិនយូរប៉ុន្មាន ក៏បានដឹងច្បាស់ថា ជាតិកំណើតរបស់អាត្មាអញ អស់ហើយ ព្រហ្មចរិយធម៌ អញក៏បាននៅរួចហើយ កិច្ចដែលត្រូវធ្វើ អញក៏បានធ្វើហើយ មគ្គភាវនាកិច្ចដទៃ ប្រព្រឹត្តទៅ ដើម្បីសោឡសកិច្ចនេះទៀត មិនមានឡើយ។ បណ្តាព្រះអរហន្តទាំងឡាយ ភារទ្វាជភិក្ខុ ដ៏មានអាយុ ក៏ជាព្រះអរហន្តមួយអង្គដែរ។
ចប់ វត្ថូបមសូត្រ ជាគំរប់៧។