ប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ ចូលទុតិយជ្ឈាន ដែលកើតក្នុងសន្តាននៃខ្លួន ប្រកបដោយសេចក្តីជ្រះថ្លា គឺសទ្ធា មានសភាពជាចិត្តខ្ពស់ឯក មិនមានវិតក្កៈ មិនមានវិចារៈ មានតែបីតិ និងសុខៈ កើតអំពីសមាធិ ព្រោះស្ងប់រម្ងាប់វិតក្កៈ និងវិចារៈ ភិក្ខុនោះ មានសេចក្តីសំគាល់ថា អាត្មាអញ នៅដោយសេចក្តីផូរផង់ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាការនៅសប្បាយ ក្នុងបច្ចុប្បន្ន ក្នុងអរិយវិន័យ ប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមានជាប្រាកដ គឺភិក្ខុពួកខ្លះ ក្នុងសាសនានេះ មានចិត្តព្រងើយកន្តើយ ព្រោះនឿយណាយ ចាកបីតិ តែមានស្មារតី និងដឹងខ្លួន ទទួលសេចក្តីសុខដោយនាមកាយ ព្រះអរិយៈទាំងឡាយ តែងសរសើរបុគ្គលប្រកបដោយតតិយជ្ឈាននោះថា បុគ្គលប្រកបដោយតតិយជ្ឈាន មានចិត្តព្រងើយកន្តើយ មានស្មារតីនៅជាសុខ ដូច្នេះ ដោយតតិយជ្ឈានណា (ភិក្ខុនោះ) ក៏បានចូលតតិយជ្ឈាននោះ ភិក្ខុនោះ មានសេចក្តីសំគាល់ថា អាត្មាអញ នៅដោយសេចក្តីផូរផង់ដូច្នេះ ម្នាលចុន្ទ តែថាតថាគត មិនទាន់ឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាសេចក្តីផូរផង់ ក្នុងអរិយវិន័យទេ គ្រាន់តែឲ្យឈ្មោះធម៌ទាំងនុ៎ះ ថាជាការនៅសប្បាយ ក្នុងបច្ចុប្បន្ន ក្នុងអរិយវិន័យប៉ុណ្ណោះ។ ម្នាលចុន្ទ ហេតុនេះ តែងមានជា