នោះៗ គឺកាមតណ្ហា ភវតណ្ហា វិភវតណ្ហា ម្នាលអាវុសោទាំងឡាយ នេះ ហៅថា សេចក្តីកើតឡើងនៃទុក្ខ។ ម្នាលអាវុសោទាំងឡាយ សេចក្តីរំលត់ទុក្ខ តើដូចម្តេច សេចក្តីអស់ទៅ និងសេចក្តីរំលត់ដោយមិនសល់ណា នៃតណ្ហានោះឯង គឺការលះបង់ រលាស់ចោល ជម្រុះចោល ឥតមានអាល័យ ម្នាលអាវុសោទាំងឡាយ នេះហៅថា ទុក្ខនិរោធ។ ម្នាលអាវុសោទាំងឡាយ សេចក្តីប្រតិបត្តិជាដំណើរ ដើម្បីរំលត់ទុក្ខ តើដូចម្តេច អរិយមគ្គ ប្រកបដោយអង្គ៨ នេះឯង គឺសម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវទុក្ខយ៉ាងនេះ ដឹងច្បាស់នូវទុក្ខសមុទ័យយ៉ាងនេះ ដឹងច្បាស់នូវទុក្ខនិរោធយ៉ាងនេះ ដឹងច្បាស់នូវទុក្ខនិរោធគាមិនីបដិបទាយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ បន្ទោបង់អនុស័យ គឺបដិឃៈ ដកចេញនូវអនុស័យ គឺមានះ ប្រហែលនឹងទិដ្ឋិថា អាត្មាអញមាន ដូច្នេះ លះបង់នូវអវិជ្ជា ញុំាងវិជ្ជាឲ្យកើតឡើងដោយសព្វគ្រប់ ហើយធ្វើនូវទីបំផុតនៃទុក្ខបាន ក្នុងបច្ចុប្បន្ននេះ ក្នុងកាលនោះ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយបានមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង។