ជាតិ តើដូចម្តេច សេចក្តីកើតឡើងនៃជាតិ តើដូចម្តេច សេចក្តីរំលត់ជាតិ តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ជាតិ តើដូចម្តេច។ កំណើតណា គឺសេចក្តីកើតគ្រប់គ្រាន់ ចាប់បដិសន្ធិ កកើត ទ្រើសឡើង កើតបានជាគ្រោងខន្ធឡើង ការបានចំពោះនូវអាយតនៈទាំងឡាយ របស់ពួកសត្វនោះៗ ក្នុងសត្តនិកាយនោះៗ ម្នាលអាវុសោទាំងឡាយ នេះ ហៅថា ជាតិ។ សេចក្តីកើតឡើងនៃជាតិ ព្រោះសេចក្តីកើតឡើងនៃភព សេចក្តីរំលត់ជាតិ ព្រោះសេចក្តីរំលត់ភព អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ឈ្មោះថា ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ជាតិ អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវជាតិយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីកើតឡើងនៃជាតិយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីរំលត់ជាតិយ៉ាងនេះ ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ជាតិយ៉ាងនេះ អរិយសាវ័កនោះ លះចោលអនុស័យ គឺរាគៈ ដោយសព្វគ្រប់ ក្នុងកាលនោះ។បេ។ ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង។