[១១៩] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រដ៏មានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមានដែរដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវភពផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃភពផង ដឹងច្បាស់នូវសេចក្តីរំលត់ភពផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ភពផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ ភព តើដូចម្តេច សេចក្តីប្រជុំកើតឡើងនៃភព តើដូចម្តេច សេចក្តីរំលត់ភព តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ភព តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ភពទាំងឡាយនេះ មាន៣គឺ កាមភព១ រូបភព១ អរូបភព១។ សេចក្តីកើតឡើងនៃភព ព្រោះសេចក្តីកើតនៃឧបាទាន សេចក្តីរំលត់ភព ព្រោះសេចក្តីរំលត់ឧបាទាន អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់ភព អរិយមគ្គនោះគឺ សម្មាទិដ្ឋិ។បេ។ សម្មាសមាធិ។ ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវភពយ៉ាងនេះ