[១២១] ភិក្ខុទាំងឡាយនិយាយថា ម្នាលអាវុសោ បរិយាយឯទៀត នៅមានដែរឬ។បេ។ ព្រះសារីបុត្រមានអាយុ ឆ្លើយតបថា ម្នាលអាវុសោទាំងឡាយ នៅមានដែរដូច្នេះ ហើយនិយាយថា ម្នាលអាវុសោទាំងឡាយ កាលណាអរិយសាវ័ក ដឹងច្បាស់នូវតណ្ហាផង ដឹងច្បាស់នូវសេចក្តីកើតឡើងនៃតណ្ហាផង ដឹងច្បាស់នូវសេចក្តីរំលត់តណ្ហាផង ដឹងច្បាស់នូវសេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់តណ្ហាផង ម្នាលអាវុសោទាំងឡាយ អរិយសាវ័ក ជាសម្មាទិដ្ឋិ ជាអ្នកមានទិដ្ឋិត្រង់ ប្រកបដោយសេចក្តីជ្រះថ្លា មិនញាប់ញ័រក្នុងព្រះធម៌ ហើយមកកាន់ព្រះសទ្ធម្មនេះ ដោយហេតុប៉ុណ្ណេះឯង ក្នុងកាលនោះ។ ម្នាលអាវុសោទាំងឡាយ តណ្ហា តើដូចម្តេច សេចក្តីកើតឡើងនៃតណ្ហា តើដូចម្តេច សេចក្តីរំលត់តណ្ហា តើដូចម្តេច សេចក្តីប្រតិបត្តិ ជាដំណើរដើម្បីរំលត់តណ្ហា តើដូចម្តេច។ ម្នាលអាវុសោទាំងឡាយ ពួកតណ្ហានេះ មាន៦គឺ សេចក្តីប្រាថ្នាក្នុងរូប១ ប្រាថ្នាក្នុងសំឡេង១ ប្រាថ្នាក្នុងក្លិន១ ប្រាថ្នាក្នុងរស១ ប្រាថ្នាក្នុងការពាល់ត្រូវ១ ប្រាថ្នាក្នុងធម្មារម្មណ៍ គឺអារម្មណ៍ ដែលខ្លួនធ្លាប់សន្សំទុកមកក្នុងចិត្ត១។ សេចក្តីកើតឡើងនៃវេទនា ព្រោះសេចក្តីកើតឡើងនៃវេទនា សេចក្តីរំលត់តណ្ហា ព្រោះសេចក្តីរំលត់វេទនា អរិយមគ្គ ប្រកបដោយអង្គ៨នេះឯង ជាសេចក្តីប្រតិបត្តិ ជាដំណើរ ដើម្បីរំលត់តណ្ហា