[១៣៧] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុពិចារណាឃើញ នូវកាយនេះឯង ដែលស្ថិតនៅហើយយ៉ាងណា ដែលដំកល់នៅហើយយ៉ាងណា ដោយកំណត់ថា ជាធាតុ ដូច្នេះថា ក្នុងកាយនេះ មានបឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ។ ម្នាលភិក្ខុទាំងឡាយ ធម្មតា បុរសអ្នកសម្លាប់គោក្តី អន្តេវាសិក(១) នៃបុរសអ្នកសម្លាប់គោក្តី ដែលប៉ិនប្រសប់ សម្លាប់គោហើយ រំលែកជាចំណែក អង្គុយនៅទៀបធ្លាធំ មានមុម៤ មានឧបមាដូចម្តេចមិញ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញ នូវកាយនេះឯង ដែលស្ថិតនៅហើយយ៉ាងណា ដែលតំកល់នៅហើយយ៉ាងណា ដោយកំណត់ថា ជាធាតុ ដូច្នេះថា ក្នុងកាយនេះ មានបឋវីធាតុ អាបោធាតុ តេជោធាតុ វាយោធាតុ មានឧបមេយ្យដូច្នោះឯង។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាខាងក្នុង ដោយ(ការកំណត់នូវធាតុទាំង៤) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។
ធាតុបព្វៈ។
(១) ពួកអ្នកជំនួយការ។