[១៣៨] ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញសរីរៈស្លាប់ ដែលគេចោល ក្នុងព្រៃស្មសាន ទោះស្លាប់ហើយអស់១ថ្ងៃក្តី ស្លាប់ហើយអស់២ថ្ងៃក្តី ស្លាប់ហើយអស់៣ថ្ងៃក្តី ដែលកំពុងហើម មានពណ៌ខៀវ (ដោយច្រើន) មានខ្ទុះហូរចេញ (តាមទ្វារទាំង៩) ដូចម្តេចមិញ។ ភិក្ខុនោះ ក៏បង្អោនសរីរៈស្លាប់នោះ មកប្រៀបផ្ទឹមនឹងកាយនេះឯងថា សូម្បីកាយនេះសោត ក៏គង់នឹងមានសភាពជារបស់គួរខ្ពើម យ៉ាងនេះ គង់នឹងក្លាយទៅជាឧទ្ធុមាតកអសុភជាដើម យ៉ាងនេះ នឹងកន្លងចាកឧទ្ធុមាតកអសុភជាដើមនោះពុំបានឡើយ។ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយជាខាងក្នុង (ដោយការកំណត់នូវអសុភ មានអសុភកំពុងហើម ជាដើម) ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ ដូច្នេះ។បេ។ ម្នាលភិក្ខុទាំងឡាយ ភិក្ខុពិចារណាឃើញរឿយៗ នូវកាយក្នុងកាយ ជាប្រក្រតី គ្រប់ឥរិយាបថទាំង៤ យ៉ាងនេះឯង។ ម្នាលភិក្ខុទាំងឡាយ មួយទៀត ភិក្ខុគប្បីឃើញ នូវសរីរៈស្លាប់ ដែលគេចោល ក្នុងព្រៃស្មសាន ដែលក្អែកកំពុងចឹកស៊ីក្តី ដែលពួកត្មាត កំពង់ជញ្ជែងស៊ីក្តី ដែលពួកត្រដក់ កំពុងចឹកស៊ីក្តី ដែលពួកស្វាន កំពុងកកេរស៊ីក្តី ដែលពួកចចក កំពុងខាំស៊ីក្តី ដែលពួកបាណកជាតិផ្សេងៗ កំពុងស៊ីក្តី។ ភិក្ខុនោះ (ក៏បង្អោនសរីរៈស្លាប់នោះ) មកប្រៀបធៀបនឹងកាយនេះឯងថា សូម្បីកាយនេះឯងសោត ក៏គង់នឹងមាន