វិញ្ញាតៈ របស់ដូចគ្នា របស់ផ្សេងគ្នា វត្ថុទាំងពួង និងនិព្វាន ថាជានិព្វានពិត លុះទ្រង់ជ្រាបច្បាស់នូវនិព្វាន ថាជានិព្វានពិតហើយ ក៏មិនរាប់អាននូវនិព្វាន មិនរាប់អានក្នុងនិព្វាន មិនរាប់អានថា និព្វានពិត មិនរាប់អានថា និព្វានជារបស់អញ មិនត្រេកអរនឹងនិព្វាន។ ដំណើរនោះ ព្រោះហេតុអ្វី។ ព្រោះព្រះតថាគត អរហន្តសម្មាសម្ពុទ្ធ ទ្រង់ជ្រាបច្បាស់ថា សេចក្តីប្រាថ្នា ដែលមានហើយ (អំពីមុន) ជាឫសគល់នៃសេចក្តីទុក្ខ ទាំងជ្រាបច្បាស់ថា ជាតិ ជរា មរណៈ របស់សត្វដែលកើតអំពីកម្មភព គឺកុសលាកុសលចេតនា។ ម្នាលភិក្ខុទាំងឡាយ ព្រោះហេតុនោះ ក្នុងសាសនានេះ តថាគតពោលថា ព្រះតថាគត បានត្រាស់ដឹង នូវសម្មាសម្ពោធិញ្ញាណដ៏ប្រសើរ ព្រោះអស់តណ្ហា ព្រោះប្រាសចាកតណ្ហា ព្រោះរលត់តណ្ហា ព្រោះលះចោលនូវតណ្ហា ព្រោះរលាស់ចោលនូវតណ្ហា ដោយប្រការទាំងពួង។
ចប់ នយភូមិបរិច្ឆេទ ទី៨ ដោយអំណាចនៃព្រះសាស្តា។
លុះព្រះមានព្រះភាគ ទ្រង់សំដែងសូត្រនេះចប់ហើយ ភិក្ខុទាំងឡាយនោះ ក៏គ្មានចិត្តត្រេកអរ រីករាយ ចំពោះភាសិតនៃព្រះមានព្រះភាគឡើយ។
ចប់ មូលបរិយាយសូត្រទី ១