សព្វា​សវ​សំវរ​សូត្រ​ ​ទី២​


 [​១០​]​ ​ខ្ញុំ​បាន​ស្តាប់​មក​យ៉ាងនេះ​។​ ​សម័យមួយ​ ​ព្រះមានព្រះភាគ​ ​ទ្រង់​គង់នៅ​ក្នុង​វត្ត​ជេតពន​ ​របស់​អនាថបិណ្ឌិក​សេដ្ឋី​ ​ទៀប​ក្រុង​សាវត្ថី​។​ ​ក្នុង​សម័យ​នោះ​ឯង​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ហៅ​ភិក្ខុ​ទាំងឡាយ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​បពិត្រ​ព្រះអង្គ​ដ៏​ចំរើន​ ​ដូច្នេះ​។​ ​ព្រះមានព្រះភាគ​ ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​នឹង​សំដែង​នូវ​ហេតុ​ ​នៃ​សេចក្តី​សង្រួម​ក្នុង​អាសវៈ​ទាំងពួង​ ​ដល់​អ្នក​ទាំងឡាយ​ ​អ្នក​ទាំងឡាយ​ ​ចូរ​ប្រុង​ស្តាប់​នូវ​ហេតុ​នោះ​ ​ចូរ​ធ្វើ​ទុក​ក្នុងចិត្ត​ឲ្យ​ប្រពៃ​ ​តថាគត​ ​នឹង​សំដែង​។​ ​ពួក​ភិក្ខុ​ទាំងនោះ​ ​ទទួល​ព្រះពុទ្ធដីកា​ ​នៃ​ព្រះមានព្រះភាគ​ថា​ ​ព្រះករុណា​ព្រះអង្គ​។​
 ​[​១១​]​ ​ព្រះមានព្រះភាគ​ទ្រង់​ត្រាស់​ដូច្នេះ​ថា​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​តថាគត​ ​ពោល​នូវ​ការ​អស់​ទៅ​នៃ​អាសវ​ធម៌​(​១​)​ ​ទាំងឡាយ​ ​របស់​បុគ្គល​អ្នកដឹង​ ​អ្នក​ឃើញ​ ​មិនមែន​ពោល​នូវ​ការ​អស់​ទៅ​ ​នៃ​អាសវៈ​ទាំងឡាយ​ ​របស់​បុគ្គល​អ្នក​មិនដឹង​ ​មិនឃើញ​ទេ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ
​(​១​)​ ​អាសវ​ធម៌​ ​ប្រែថា​ ​សភាវៈ​ដែល​ត្រាំ​ ​ឬ​ហូរ​ទៅ​អំពី​ភ្នែក​ ​ត្រចៀក​ ​ច្រមុះ​ ​អណ្តាត​ ​កាយ​ ​និង​ចិត្ត​ ​ហៅថា​ ​អាសវៈ​ ​។​ ​ក្នុង​អដ្ឋកថា​ ​ថា​ ​អាសវៈ​ ​មាន៣ក៏​មាន​ ​មាន៤ក៏​មាន​ ​ដែល​មាន៣គឺ​ ​កាមាសវៈ១​ ​ភវាសវៈ១​ ​អវិជ្ជា​សវៈ១​។​ ​ដែល​មាន៤គឺ​ ​ថែម​ទិដ្ឋាសវៈ​ ​ចូល​មក​ផង​។​
ថយ | ទំព័រទី ២១ | បន្ទាប់